Friday, June 14, 2013

ខ្មែរអើយជួយផង!



ជួរភ្នំដងរែកស្រែកយំផ្តាំ
កូនខ្មែរត្រូវចាំកុំភ្លេចជាតិ
ថ្មដូនតាមាន់តាក្របីប្រាសាទ
ជប់គគីឆ្លាតទល់ដែនថៃ។
ឥឡូវសត្វខ្លាស្រវ៉ាចាប់
ចង់ស៊ីសាច់ស្រាប់ផ្អើលមាន់ព្រៃ
ស្រមោចតូចតាចយំស្តាយដី
តើមានអីឆៃបើថៃយក។
តាមាន់ចាស់ទុំប្រាសាទខ្មែរយើង
ឥឡូវឆេះភ្លើងគ្មានជំរក
អត់ទាំងអាហារប្រហុកផ្អក
ទូរសព្ទខលមកគ្មានសេវា។
ជប់គគីព្រួយរំជួយចិត្ត
ថៃកាន់តែខិតខុសធម្មតា
ប្រជាជនភិតភ័យបន់ទេវតា
សុំធ្វើយ៉ាងណាសាំងចុះថោក។
តាក្របីប្រាសាទឆ្លាតជាងគេ
នៅមិនស្ងៀមទេរត់ទៅមក
ម្នីម្នាច្រូតកាត់ស្រូវបែនបោក
ប្រមូលគ្នាមកការពារជាតិ។
ឧត្តរមានជ័យជីវិតខ្ញុំ
ដីហុយក្តៅងំអស់ធម្មជាតិ
វស្សាដូចប្រាំងដីគ្មានជីវជាតិ
អស់ហើយធម្មជាតិសូមជួយគិត។
សេកអើយសេកសូងអាសូរខ្ញុំ
រដូវស្រូវទុំសូមមានចិត្ត
ខ្ញុំមានគ្រួសារស្រឡាញ់ស្និត
ឯងមានជីវិតចង់រស់ដែរ។
ឲ្យកូនទៅរៀនសង្ឃឹមស្រូវ
ប្រមូលគ្រាប់លក់ទៅស្រូវថោកទ្វេ
ខ្ញុំជាអ្នកក្រចង់ប្តូដែរ
ជួយសង្គមខ្មែរតែខ្ញុំល្ងង់។
សំរោងចិត្តស្រីសែនរុះរើ
ស្រីនាងមិនមើលស្នេហ៏ស្មោះត្រង់
បែជាចង់បានក្រញ៉ូងធ្នង់
ដុល្លារផូផង់ប្រើខុសច្បាប់។
បើបានខុសសូមស្រីអូន
វិលវិញកែខ្លួនជាប្រញ៉ាប់
មានបងនៅចាំស្នេហ៏អូនស្រាប់
ព្រួតដៃគ្នាជាប់ជួយជាតិយើង៕៚
ប៉ាវ ចន្រ្ទា