Wednesday, June 12, 2013

ច្រករបៀងថ្មដូន



            ឧត្តរមាន​ជ័យ​គឺ​ជា​ខេត្ត​មួយ​នៅ​ជាប់​ព្រំ​ប្រទល់​និង​ប្រទេស​ថៃ​ ខេត្ត​នេះ​ដែរ​មាន​ច្រក​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ជា​ច្រើន​ ទាំង​តូច ធំ​ មិន​តែ​ប៉ុណ្ណោះ​មាន​ប្រជាជន​កម្ពុជា​បាន​ទៅ​រស់​នៅ  និង​​ច្រក​ទាំង​នោះ​ទៀត​ផង​។ ដូច​ជា​ក្នុង​នេះ​ខ្ញុំ​លើក​ ពី​ភូមិ​ថ្មដូន​មក​និយាយ​ ភូមិ​នេះ​គឺ​ជា​ច្រក​ចូល​ប្រទេស​ថៃ​មួយ ដែល​មាន​ទី​តាំង​នៅ​ជាប់​និង​ទឹក​ដី​របស់​ថៃ​ដោយ​ផ្ទាល់​គឺ នៅ​ម្ខាង​របង​ម្នាក់​ ហើយ​មានទីតាំង​នៅ​លើ​ភ្នំ​ដង​រ៉ែក​ក្នុង​ឃុំ​គោក​មន ​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​លើ​ភ្នំ​ដង​រ៉ែក​ជាប់​និង​ខេត្ត​សុរិន្ទ​នៃ​ប្រទេស​ថៃ​។ កាល​ដើម​ឡើយ​​ភូមិ​នោះ​ជា​ទី​តាំង​របស់​កងទ័ព​កម្ពុជា​យើង​ដែល​នៅ​ការពារ​ទឹក​ដី​ តែ​ក្រោយ​មក​ពួក​ទាំង​នោះ​បាន​បង្កើត​ភូមិ​នេះ​ឡើង​ ដោយ​មាន​ប្រជាជន​មក​ពី​តំបន់​ផ្សេងៗ​ខ្លះ​អ្នក​រស់​នៅ​ក្បែរ​នោះ​ខ្លះ​និង​បងប្អូន​កង​ទ័ព្ធ​​ផ្សំ​ជា​មួយ​ទៀត​ទៅ​រស់​នៅ​ទី​នោះ​រហូត​បាន​ក្លាយ​ទៅ​ជា​កូន​ភូ​មិ​មួយ​នៅ​លើ​ភ្នំ​តែ​ម្ដង​។ ភូមិ​ថ្មដូ​ន គឺ​នៅ​ភាគ​ខាង​ជើង​​ឈៀង​ខាង​កើត​ទី​រួម​ស្រុក​បន្ទាយ​អំពិល​ ហើយ​ផ្ទៃ​ដី​ភូមិ​នេះ​គឺ​មាន​ទំហំ​ធំ​គួរ​សម​ដែរ ​តែ​មិន​សូវ​មាន​ប្រជាជន​រស់​នៅ​ច្រើន​នោះ​ទេ​ ដោយ​សារ​នៅ​ទី​នោះ​ប្រជាជន​ពិបាក​ក្នុង​ការ​រក​ទទួល​ទាន​ណាស់​ ប្រជាពល​រដ្ឋ​ភាគ​ច្រើន​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ ដោយ​សារ​តែ​ពួក​គេ​គ្មាន​ថវិការ​សម្រាប់​យក​ទៅធ្វើ​ប៉ះស្ព័រ​ឆ្លង​ដែន​ស្រប​ច្បាប់​ ដូចនេះ​ហើយបាន​ជា​ធ្វើ​អោយ​ពួក​គេ​ សម្រេច​ចិត្ត​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​យ៉ាង​នេះ​នោះ​ ពួក​គេ​រស់​នៅ​ទី​នោះ​មិន​បាន​យល់​ដឹង​អំពី​​បញ្ហាសុខភាព​និង​ការ​អ​ប់រំ​នោះទេ​ ក្មេង​ៗ​ភាគ​ច្រើន​មិន​បាន​ចូល​សា​លា​រៀន​ដោយ​សារ​តែ​នៅ​ក្នុង​ភូមិ​នោះ​ ខ្វះសាលារៀននិង​​គ្រូបង្រៀន​ ទាំងនេះ​គឺជា​បញ្ហាមួយ​សម្រាប់​បង​ប្អូន​នៅ​ទី​នោះ​ ណា​មួយ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ខ្វះ​ការ​យល់​ដឹង​ ជីវភាព​ក្រុម​គ្រួសា​លំបាក​ខ្វះ​ខា​ត​ នៅ​ឆ្ងាយ​ទី​ប្រជុំ​ជន ​ដូច​នេះ​ហើយ​បាន​ជា​កូនៗ​របស់​ពូក​គាត់​មិន​មាន​ឱកាស​បាន​ចូល​រៀន​និង​គេ​។ នៅ​ពេល​ពួក​គេ​ពេញ​រូបរាង​ឡើង ​ពុកម្ដាយ​របស់​ពួក​គេ​បាន​បញ្ជូន​ពួក​គេ​អោយ​ទៅ​ធ្វើការ​ស៊ី​ឈ្នួល​នៅក្នុង​ប្រទេស​ថៃ​ ទាំង​លំបាក​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​ចំ​នេះ​ដឹង​ ពេល​ទៅ​ប៉ះ​ចំ​ថៅកែរ​ថៃ​ធ្វើ​បាប​ដោយ​ធ្វើ​ការ​អោយ​ហើយ​ពេល​ដល់​ខែ​ត្រូវ​បើក​លុយ​ បែរ​ទៅជាមិន​បើក​អោយ ពេល​ខ្លះ​ប៉ះ​តម្រួត​ថៃ​ចាប់​បាន​វាយ​ធ្វើបាប​តាម​តែ​អំ​ពើរ​ចិត្ត​របស់​ពួក​គេ​។ អ្វី​ដែល​ពិសេស​របស់​ភូមិ​នេះ​គឺ​ ភូមិ​នៅ​លើភ្នំ​មាន​ព្រៃ​ឈើ ​កន្លែង​ដើរ​លេង​កំសាន្ត​និង​មាន​រូបដួន​មួយ​ដែល​កើត​ឡើង​ពីថ្ម​រាង​ដូច​ជា​មួក​មាន​ទំហំធំ​ និង​មាន​ដាន​ជើង​ប្របាទធម្មិក​នៅ​ជាប់​និង​ថ្ម​មួយ​ដាន ​មិន​តែ​ប៉ុណ្ណោះ​ភូមិ​នោះ​នៅលើភ្នំ​មាន​ដើម​ឈើ​តូច​ ធំ​ជា​ច្រើន និង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​បំ​ព្រោង​គួរ​អោយ​ចង់​គយ​គន់​ និង​ពេល​បាន​ទៅ​ឃើញ​ហើយ​មិន​ចង់​ត្រឡប់​មក​វិញ ដោយ​សារ​តែ​ភាព​ល្អ​ស្អាត​របស់​ធម្មជាតិ​នៅ​ទីនោះ​បាន​ទាក់​ទាញ​អារម្មណ៍​របស់​អ្នក​ដែល​​បាន​ទៅ​កំសាន្ត​ ជា​ច្រើន​អោយ​​បាន​ស្គាល់​អំពី​ច្រក​របៀង​មួយ​នេះ​។ កាល​ពី​មុន​ច្រក​នេះ​ទាហាន​ព្រំដែន​ថៃ​និង កង​ទ័ព​ខ្មែរ​ដែល​នៅ​ការពារ​ព្រំដែន​បាន​ព្រម​ព្រៀង​គ្នា​ហើយ​បាន​បើក​ច្រក​នេះ​អោយ​ដំនើរ​ការ​ ដើម្បី​ដោះ​ដូរ​ទំនិញ​ខ្នាត​តូច​ រវាង​ប្រជាជន​ថែ​និង​ខ្មែរ​។ តែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក ​ច្រក​នេះ​ត្រូវ​បាន​បិទ​លែង​ដំនើរ​ការ​ ដោយ​សារ​តែ​កម្ពុជា​និង​ថៃ​មាន​ជំ​លោះ​ព្រំដែន ​ហើយ​ច្រក​នេះ​ត្រូវ​បាន​បិទ​មិន​អោយ​ដំនើរ​ការ​រហូត​មកដល់​ពេល​នេះ​ ចំនែក​ឯ​ស្ថានភាព​រវាង​ថៃ​និង​កម្ពុជា​នៅ​តែ​មាន​ភាព​តាន​តឹង​នៅ​ឡើយ​នៅ​តាម​ច្រក​មួយ​ចំ​នួន​។ ទាំង​នេះ​គឺ​ជា​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ព្រំដែន​មួយ​ចំនួន​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ប្រសិន​បើ​ថៃ​និង​កម្ពុជា​មិន​មាន​ភាព​ចំរុង​ចំ​រាស់​គ្នា​ ហើយ​បើក​ច្រក​ចេញ​ចូល​ទាំង​អស់​អោយ​ដំ​នើរ​ការ​នោះ​សេដ្ឋកិច្ច​រវាង​ប្រទេ​ស​ទាំង​ពីរ​កាន់​តែ​លូត​លាស់​ជាង​មុន​ ហើយ​រៀប​ចំ​ច្រក​ទាំង​នោះ​អោយ​ក្លាយ​ទៅ​ជា​កន្លែង​ដោះ​ដូរ​ទំនិញ​ដែល​សំខាន់​នោះ​ប្រទេស​ទាំង​ពីរ​និង​ទទួល​បាន​ប្រយោជន៍​ច្រើន​​ជាពុំខាន៕៚ អូត ឡាទីន