ដកស្រង់ពីគេហទំព័រCEN
(ថ្ងៃទី 25 ឧសភា 2012, ម៉ោង 03:01:PM) | ដោយ: បាយ័ន
![]() | ||
ប្រាសាទតាមាន់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា នៅព្រំដែនកម្ពុជា-ថៃ |
![]() |
ទាហានកម្ពុជា និងទាហាថៃ ជួបប្រជុំគ្នាប្រាសាទតាមាន់ នាពេលកន្លងមក |
លោកឧត្ដមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ ខេត្ដឧត្ដរមានជ័យ បានប្រាប់គេហទំព័រ CEN នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ នេះថា ទាហានថៃពិតជាបានបង្កើនកម្លាំង នៅតំបន់ប្រាសាទតាមាន់ពិតប្រាកដមែន។ កម្លាំងដែលថៃបង្កើន គឺបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។
លោក បានបញ្ជាក់ថា នៅថ្ងៃទី២៤នោះ គឺទាហានថៃបានបញ្ជូនមកតំបន់ដែលពួកថៃឈរជើង ប្រមាណជាបីឡាន មានគ្នាក្រោម ១០០ នាក់ បន្ថែមលើចំនួនទាហានថៃចាស់ ដែលមានស្រាប់នៅតំបន់នោះ។
លោកឧត្ដមសេនីយ៍ទោបានបន្ដថា ទាហានថៃដែលបញ្ជូនមកថ្មី ក្នុងគោលបំណងពីរ គឺទី១ អាចត្រៀមធ្វើអ្វីមិនល្អមកលើកម្ពុជា និងទីពីរ គឺទាហានថៃមិនស្ងប់ចិត្ដ ចំពោះការដែលមិនបានគ្រប់គ្រងប្រាសាទតាមាន់ដោយផ្ទាល់ ហេតុនេះធ្វើឱ្យទាហានថៃមានមហិច្ឆតាអ្វីមួយមិនល្អ សម្រាប់ប្រាសាទតាមាន់។
លោកបានបន្ថែមថា ទោះបីយ៉ាងណាក៏ដោយ ក្រុមទាហានស្ថិតនៅលើទឹកដីដែលពួកគេធ្លាប់ឈរ ដោយមិនបានចូលមកខុសទីតាំងដែលបានកំណត់នោះឡើយ។ ប៉ុន្ដែគ្រាន់តែសកម្មភាពខុសប្លែកពីពេលមុនប៉ុណ្ណោះ ដែលកម្ពុជាត្រូវតែត្រៀមលក្ខណៈសម្បត្ដិក្នុងខឿនការពារជាតិ។
លោកឧត្ដមសេនីយ៍ទោ ប៉ែន វ៉ូយ អះអាងថា "ទោះបីជាថៃបង្កើនកម្លាំង ឬក៏មិនបង្កើនកម្លាំង ក៏ភាគីខាងកម្ពុជានៅតែអត់ធ្មត់ ធ្វើជាគំរូល្អ និងគោរពទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយឈរនៅយ៉ាងរឹងមាំ ក្នុងនាមជាអ្នកស្វ័យការពារជាតិមាតុភូមិ និងការពារទឹកដីនៅតាមបន្ទាត់ព្រំដែន មិនឱ្យសត្រូវរំលោភបំពានជាដាច់ខាត"។
ជាមួយនឹងការបង្កើន កម្លាំង នៃទាហានថៃនោះដែរ ភាគីកម្ពុជាមិនបានជួបភាគីថៃនិយាយគ្នានៅឡើយទេ ប៉ុន្ដែកម្ពុជាក៏បានចាត់ទុកការបញ្ជូនទ័ពថ្មីៗមកព្រំដែន គឺជារឿងរបស់ថៃ គឺកុំឱ្យតែចូលហួសតំបន់ដែលបានកំណត់ វាជាការល្អបំផុត ព្រោះថា តំបន់ដែលមិនមានភាគីណាចូល គឺទីនោះជាតំបន់មួយត្រូវបានចាត់ថា ជាតំបន់មិនទាន់ដោះស្រាយ។ តំបន់ដែលហាមឃាត់ បើភាគីណាចង់ចូល ត្រូវប្រាប់ភាគីម្ខាងទៀត ដើម្បីបញ្ជូនកម្លាំងរៀងៗខ្លួនទៅពិនិត្យមើលតំបន់នោះ នេះជាគោលការណ៍បានព្រមព្រៀងគ្នា នាពេលកន្លងទៅ រវាងកម្ពុជា និងថៃ ដូចជាករណីប្រាសាទតាមាន់ គឺភាគីកម្ពុជាស្លៀកពាក់ឯកសណ្ឋានយោធា ៥នាក់ និងភាគីទាហានថៃ ៥នាក់ ដែលភាគីទាំងពីរមិនមានកាន់អាវុធ មកឈរនៅមុខប្រាសាទតាមាន់៕