ផ្ដៅគឺជារុក្ខជាតិមួយប្រភេទដែលមានលក្ខណៈប្រហែលវល្លិហើយវាមានភាពស្រដៀងទៅនិងរពាក់ដែរ
ប៉ុន្តែដើមរបស់វាធំជាងដើមរំពាក់
និង ជាវល្លិរឹង។
លក្ខណៈបន្លារបស់វាវែងជាងបន្លារពាក់ស្លឹករបស់វាដូចគ្នា
តែមានបន្លាតូចៗនៅជាប់និងស្លឹករបស់វា។
រុក្ខជាតិនេះដែរ
ដើមរបស់វាមានជាថ្នាំងៗតៗគ្នាតែបើយើងមើលទៅពីចំងាយ
យើងមិនអាចឃើញថ្នាំងរបស់វាបានទេព្រោះវាមានស្តូប(សំបក)
ស្រោបនិងដើមវា។
រុក្ខជាតិនេះបើតាមការសង្កេតឃើញភាគច្រើនមានដុះនៅតាមតំបន់ភ្នំនិងខ្ពង់រាបមួយចំនួនតែវាក៏អាស្រ័យទៅនឹងប្រភេទដីនៅតាមតំបន់ដែរ។
ហើយផ្ដៅនេះដែរស្តូបនៃដើមវាគឺមានបន្លាវែងនៅជាប់សំបកដើមផងដែរ។
មិនតែប៉ុណ្ណោះដើមផ្ដៅក៏មានប្រយោជន៍ជាច្រើនដែរ
គេអាចយកទៅធ្វើជាឧបករណ៍ប្រើប្រាស់មួយចំនួនដូចជាទូសម្រាប់ដាក់សៀវភៅធ្វើជាល្អី
កញ្ច្រែង កន្ត្រក
និងរបស់ផ្សេងៗទៀត។
តែបើនៅតាមស្រុកស្រែវិញដើមផ្ដៅគេយកវាធ្វើជាត្រកសម្រាប់ដាក់ត្រី
ក្រងក្បាលទ្រូ អង្រុត
ក្ដាប់ខ្ទង់ចង្អេរសម្រាប់អុំស្រូវអង្ករ
និងក្ដាប់កញ្ជើសម្រាប់ដាក់អង្ករហើយនិងយកវាធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាច្រើន។
រុក្ខជាតិប្រភេទនេះអ្នករស់នៅតាមស្រុកស្រែពីសម័យមុនបើគេយកវាទៅធ្វើជាឧបករណ៍ប្រើប្រាស់
គេច្រើនយកវាធ្វើជាមួយនិងឬស្សីដូចជាកញ្ជើចង្អេរ
ទ្រូជាដើម។
តែការធ្វើបែបនេះវាក៏អាស្រ័យទៅនិងប្រភេទនៃឧបករណ៍ផងដែរ។
ចំណែក ឯរបស់ប្រើប្រាស់ខ្លះវិញគេធ្វើដោយដើមផ្ដៅសុទ្ធសាធដោយគ្មានលាយជាមួយដើមផ្សេងនោះទេ។
ផ្តៅជាឈ្មោះវល្លិដើមរឹងមួយប្រភេទមានបន្លានៅស្រទប
ធាង ស្លឹក (ទីទៃពីរពាក់)
ផ្តៅមានឈ្មោះច្រើនប្រភេទ
គឺ ផ្តៅទឹក ផ្តៅក្រែក
ផ្តៅឈ្វាំង ផ្តៅអារ៉េច
ផ្តៅដំបង ព្រះផ្តៅ....
ជាវល្លិមានប្រយោជន៍យ៉ាងសំខាន់
ប្រើការបានច្រើនយ៉ាង
មានប្រើធ្វើជាចំណង
និងធ្វើកៅអីជាដើម។
ក្រៅពីឧបករណ៍ដែលបានរៀបរាប់ខាងលើ
ឧបករណ៍ប្រើប្រាស់មួយដែលមិនអាចបំភ្លេចបានដែលផលិតចេញពីផ្តៅ
នោះគឺជាកន្ទេលផ្តៅ។
នៅពេលដែលប្រើប្រាស់យូរៗទៅ
កន្ទេលនោះកាន់តែ រលោង
ហើយគេងទៅត្រជាក់ស្រួលទៀតផង។
ពិសេសជាងនេះទៅទៀតនោះគឺបណ្ដូលចុងខ្ចីរបស់វាគេក៏អាចយកធ្វើជាបន្លែសម្រាប់ស្លកកូរ
ស្លប្រហើរ
ហើយក៏អាចយកស្ងោរធ្វើជាអន្លក់ក៏បានដែរ។មិនតែប៉ុណ្ណោះចុងផ្ដៅតាំងពីមុនៗមកត្រូវបានប្រជាជន
ដែលរស់នៅទឹកដីស្រុកបន្ទាយអំពិលនៃខេត្តឧត្ដរមានជ័យមួយចំនួនដូចជា
ភូមិគូរ ថ្មដួន
ជប់គគីរនិងអ្នកភូមិក្បែរៗនោះមួយចំនួនទៀតបានដើរតាមព្រៃដើម្បីកាត់យកចុងរបស់វាទៅលក់អោយប្រជាជនថៃនៅតាមច្រករបៀងមួយចំនួនដែលបានបើកដំនើរការ។
ហើយបច្ចុប្បន្ននេះប្រជាជននៅតាមភូមិទាំងនោះមួយភាគតូចក៏នៅតែបន្តយកចុងផ្ដៅទៅលក់អោយថៃដូចពីមុនដែរគឺនៅច្រករបៀងជប់គគីរព្រំប្រទល់កម្ពុជាថៃ។
ដូចនេះក្នុងនាមយើងជាប្រជាជនកម្ពុជាទាំងអស់គ្នាសូមជួយថែរក្សារុក្ខជាតិផ្ដៅនិងរុក្ខជាតិដទៃទៀតដែលមានក្នុងកម្ពុជាយើង
អោយបានគងវង់យូរអង្វែងតទៅមុខទៀត
ព្រោះរុក្ខជាតិទាំងនោះគឺជាសម្បត្តិមួយដែលមានតាំងតែពីយូរយាណាស់មកហើយ។
ក្នុងនោះខ្ញុំសូមលើកយកនូវរុក្ខជាតិផ្ដៅបច្ចុប្បន្ននៅក្នុងកម្ពុជាយើងនេះកំពុងតែរងនូវការបាត់បង់ខ្លះៗហើយដោយសារនៅកម្ពុជាយើងព្រៃភាគច្រើនត្រូវបានកាប់និងដុតបំផ្លាញដោយប្រជាជន។
ហេតុដូចនេះបានជាធ្វើអោយរុក្ខជាតិដែលកម្រនិងមាននេះទទួលរងនូវការបាត់បង់ជាបណ្ដើរៗហើយនោះ។
ខ្ញុំសូមបញ្ជាក់អ្នកដល់អ្នកអានថាផ្ដៅក៏មានផ្លែដែរ
ពេលដែលផ្លែវាទុំយើងក៏អាចហូបបានដែរ៕
ភ្នំពេញថ្ងៃទី០៦ខែឧសភាឆ្នាំ២០១២
ឡាទីនន័រ