ខ្ញុំថ្លែងពីដំនើរជីវិតនឹងការសិក្សាដែលមានខ្លឹមសារល្វីងជូរចត់ដែលបានកើតឡើងចំពោះរូបខ្ញុំផ្ទាល់។
កាលពីខ្ញុំនៅក្មេងគឺជាអ្នកគង្វាលសត្វគោ
ដែលរស់នៅភូមិស្រែប្រាំង
ឃុំជើងទៀន ស្រុកចុងកាល់
ខេត្តឧត្ដរមានជ័យ។
នៅពេលខ្ញុំដឹងក្ដី
ស្គាល់អ្វីៗមក
មិនមានពេលសប្បាយចិត្តម្ដងណាទេ
ព្រោះរូបខ្ញុំមិនបានរស់នៅជាមួយឪពុកម្ដាយបង្កើតខ្លួនឡើយគឺរស់នៅជាមួយមីងតែប៉ុណ្ណោះ
សភាពរស់នៅជាមួយអ្នកដ៏ទៃធ្វើរូបខ្ញុំរងកម្ម។
ចំណែកកូនគេសប្បាយហ៊ឺហា!ទឹកភ្នែកខ្ញុំធ្លាក់ចុះមក
កាលណាគេប្រើពាក្យសំដីដៀលដល់ខ្លួន
អាហារបរិភោគមិនគ្រប់គ្រាន់
កំលាំងក៏ខ្សោយពេលព្រឹកព្រហាមពន្លឺព្រះសុរិយាមិនទាន់បញ្ចេញរស្មីផង
ក៏សំលេងបន្លឺឡើងមកពីលើគេហដ្ឋានអោយរូបខ្ញុំចាប់ផ្ដើមធ្វើការផ្សេងៗដូចជា
រែកទឹក បោកសំលៀកបំពាក់របស់ម្ចាស់ផ្ទះ
បោសទីធ្លាផ្ទះអោយបាយសត្វ
កើបលាមកសត្វដាក់ក្នុងក្រោល។
មួយព្រឹកៗខ្ញុំស្ទើរតែគ្មានពេលទំនេរតែក៏ជាការល្អសម្រាប់ខ្ញុំផងដែរ
ព្រោះវាអាចធ្វើអោយរូបខ្ញុំចេះតស៊ូនឹងការងារ។បន្ទាប់ពីការងារផ្ទះរួចរស្មីព្រះអាទិត្យក៏បញ្ចេញរស្មីតាមបន្លោះស្លឹកដូងនឹងស្លឹកទឹកដោះព្រែកៗ
សំឡេងសត្វគោចាប់ផ្ដើមបន្លឺឡើងចេញពីក្រោលរបស់វា
ខ្ញុំចាប់ញ៉ាំបាយរួមជាមួយម្ចាស់ផ្ទះ
រួចខ្ចប់បាយយកទៅខ្វៀលគោ។
ការរស់នៅកណ្ដាលថ្ងៃពេញមួយថ្ងៃធ្វើឲ្យខ្លួនខ្ញុំសាំនឹងភាពលំបាក។
រដូវវស្សាឈានចូលមកដល់អ្នកភូមិក៏ចាប់ផ្ដើមរៀបចំនង្គ័លរនាស់ដើម្បីត្រៀមភ្ជួរដីប្រាស់
តែរូបខ្ញុំភារកិច្ចក៏កាន់តែច្រើនឡើងក្នុងឆាកជីវិតនៅតាមស្រុកស្រែ
គឺគ្មានអ្វីសម្រាប់ញ៉ាំឆ្ងាញ់នោះទេ
មានតែក្ដាមនឹងខ្យងដើររើសពីក្រោយរនាស់តែប៉ុណ្ណោះ
ដើម្បីធ្វើម្ហូបចិញ្ចឹមជីវិត។
នៅពេលល្ងាចទំនេរខ្ញុំដើរទៅលេងផ្ទះខ្ទមចាស់
ដែលម្ដាយធ្លាប់តែបំពេលឺសំឡេងយ៉ាងគ្រលួចៗ
នៅពេលនោះទឹកភ្នែកក៏ហូរដោយមិនដឹងខ្លួន
ដែលបាននឹកឃើញរឿងពីអតីតកាល
រស់យ៉ាងមានសុភមង្គល
នៅខណៈពេលខ្ញុំអាយុតែ៤ឆ្នាំតែប៉ុណ្ណោះពេលត្រូវព្រាត់ប្រាស់ពីគ្រួសារ។រដូវចម្រូតក៏ខិតចូលមកដល់
ណាមួយគោផង ច្រូតផង
តែមីងបានឲ្យសម្រាកមួយរដូវ
ចម្រូតដើម្បីច្រូតស្រូវនៅពេលព្រឹក
ចេញទៅដឹកកណ្ដាប់យកទុកបញ្ជាន់នៅម៉ោង៣ព្រឹក
ខ្ញុំក្រោកបញ្ជាន់ស្រូវរហូតដល់ម៉ោង៦ព្រឹកទើបរួចរាល់។
រដូវនេះបានរំកិលចាកចេញទៅមុខម្តងបន្តិចពីរូបខ្ញុំ។
ខ្ញុំក៏ក្លាយជាក្មេងគង្វាលម្ដងទៀតអារម្មណ៍សោកសៅធ្វើឲ្យចងចាំជាប់ក្នុងវិញ្ញាណរបស់ខ្ញុំ។
ប៉ុន្តែជាអកុសលនៅពេលរដូវចូលឆ្នាំដោយសារតែក្តីវិនាសមិនទៅខ្វៀលគោក៏សម្រេចចិត្តទុកគោចោល
តែជាសំណាងអាក្រក់គោត្រូវចោរលួចអស់ចំនួនពីរក្បាល
ដែលធ្វើអោយខ្ញុំត្រូវឈានជើងចេញពីផ្ទះដោយបណ្ដេញចេញពីផ្ទះនៅពេលនោះខ្ញុំទើបតែអាយុ៩ឆ្នាំតែប៉ុណ្ណោះ។
ពាក្យសំដីទាំងប៉ុន្មានដែលគេស្តីបន្ទោសធ្វើអោយខ្ញុំចាំមិនភ្លេច
ខោអាវមួយបំឡាស់ចេញពីភូមិកណ្ដាលទឹកភ្លៀងហើយយំស្រែកហៅម្ដាយឪពុកតើនៅទីណា!
ការបែរបន់អស់ទេវតា
អារក្ស អ្នកតា អោយជួយដល់ខ្លួនផង។
នៅពេលនោះខ្ញុំមិនដឹងទៅណាក៏ត្រលប់ចូលភូមិវិញ
ហើយក៏ទៅរស់នៅនិងផ្ទះខ្ទមដែលម្ដាយបន្សល់ទុកអោយ
ដោយគ្មានទីពឹង
ណាមួយអង្ករក៏គ្មាន
ខ្ញុំសម្រេចចិត្តខ្ចីអង្ករអ្នកជិតខាងសភាពរស់នៅម្នាក់ឯង
គឺលំបាកទាំងផ្លូវចិត្តនឹងផ្លូវកាយ
ព្រោះថាគ្មានពេលសម្រាកគឺត្រូវទៅស៊ីឈ្នួល
យកស្រូវ អង្ករ
ប្រាក់ដើម្បីចិញ្ចឹមជីវិតខ្ញុំធ្វើរបៀបនេះអស់រយ:
ពីរឆ្នាំរហូតដល់
អាយុ១១ឆ្នាំ។ថ្ងៃមួយពេលខ្ញុំមកពីស៊ីឈ្នួលវិញមានមនុស្សមួយក្រុមមកដល់ផ្ទះរបស់ខ្ញុំ
ដោយពួកគេសម្ភាសអំពីការរស់នៅរបស់ខ្ញុំអស់រយ:ពេល២ទៅ៣
ម៉ោង
ទើបពួកគេសម្រេចឲ្យបានចូលរៀននឹងគេ
ខ្ញុំសប្បាយចិត្តណាស់
ព្រោះឱកាសចូលរៀនមកដល់
ការរៀនរស់
រៀនដើរដោយខ្លួនផ្ទាល់ធ្វើឲ្យជីវិតស្គាល់ខ្លឹមសារចេះសាងខ្លួន
ចេះតស៊ូគ្រប់ឧបសគ្គតូចធំ។
ជាការពិតណាស់នៅពេលខ្ញុំចេញពីសាលារៀន
ខ្ញុំទៅចេញស៊ីឈ្នួលជាធម្មតា។
នៅពេលល្ងាចខ្ញុំត្រលប់មកផ្ទះដើររើសខ្យងក្ដាមយកមកធ្វើម្ហូប។
នៅពេលរដូវប្រាំងខ្ញុំដើរឃ្វាល
គោប្រវាស់ជាមួយអ្នកជិតខាង
៤ឆ្នាំគេអោយគោមួយ
ចុះពីរៀនទៅតាមគោជារៀងរាល់ថ្ងៃ
ប៉ុន្តែសៀវភៅមិនដែលភ្លេចឡើយ
សៀវភៅប្រៀបបានដូចជាមិត្តនៅពេលអផ្សុក
វាតែងតែជជែកលេង
នឹងផ្ដល់នៅចំនេះដឹងយ៉ាងខ្ពង់ខ្ពស់។
ចំនែកការសិក្សានៅបឋមសិក្សាខ្ញុំគឺជាសិស្សពូកែប្រចាំថ្នាក់
នៅពេលបញ្ចប់ការរៀននៅបឋមសិក្សា
ខ្ញុំរកបានគោមួយក្បាលនឹងសន្សំលុយបានទិញជ្រូកមួយក្បាលនេះក៏ដោយសារតែការខំប្រឹងប្រែងនឹងសេចក្ដីតស៊ូគ្រប់បែបយ៉ាងរបស់ខ្ញុំ។
ខ្ញុំក៏សម្រេចចិត្តទៅរៀនបន្តនៅអនុវិទ្យាល័យនៅស្រុកចុងកាល់
ប៉ុន្តែខ្ញុំគ្មានមធ្យោបាយធ្វើដំនើរទៅរៀនសោះ
ក៏សម្រេចចិត្តលក់ជ្រូកដើម្បីទិញកង់ធ្វើដំនើរ។
ពេលព្រឹកឡើងខ្ញុំយកគោទៅចងចោល
រួចដាំបាយទុកញ៉ាំហើយធ្វើដំណើរទៅរៀនចម្ងាយពីសាលាមកផ្ទះ
ប្រមាណជា១៥ គីឡូម៉ែត្រ
ការជិះកង់ជាទម្លាប់រហូតដល់ថ្នាក់ទី៩
ចំណែកការសិក្សា
នៅអនុវិទ្យាល័យមិនដែលបានពិន្ទុល្អម្ដងណាទេ
ព្រោះថាមិនដែលបានរៀនគួរនឹងគេ។
កាប្រលងថ្នាក់ទី៩បានមកដល់ខ្ញុំគិតថាគ្មានសង្ឃឹមប្រលងជាប់ឡើយព្រោះជាសង្គមញ៉ាំលុយ(ស៊ីសំណូក)លទ្ធផលបានប្រកាស
ក្នុងចិត្តក្ដុកក្ដួលឥតឧបមា
នៅពេលដឹងថាការប្រលងទទួលបានជោគជ័យ
បន្ទាប់ពីការប្រលងយកសញ្ញាប័ត្របឋមភូមិមក
ខ្ញុំសម្រេចចិត្តដាក់ពាក្យប្រលងធ្វើគ្រូបឋមតែដោយសម័យលុយ
ការប្រលងរបស់ខ្ញុំក៏បរាជ័យ
ហើយបន្ទាប់មកទៀតក៏មានជម្រើសថ្មីទៀតគឺបន្តទៅរៀនវិទ្យាល័យទៀត
ប៉ុន្តែខ្ញុំត្រូវចាកចេញពីស្រុកទៅរៀននៅខេត្តនៅពេលនោះអ្វីៗក៏ត្រូវបាត់បង់
គោត្រូវលក់ព្រោះគ្មានអ្នកចិញ្ចឹម។
ការបន្តរៀននៅខេត្តគឺរស់នៅវត្តជាមួយនឹងព្រះសង្ឃ។
បើនិយាយពីសភាពនៅវត្តគឺមានភាពលំបាកខ្លាំងជាពិសេសនៅពេលល្ងាចខ្ញុំត្រូវរៀនធម៌
លើកទឹកត្រជាក់ទឹកក្ដៅប្រគេនលោកគ្រូដែលជាចៅអធិកាវត្ត។
ពេលបញ្ចប់រៀនធម៌ក៏ចាប់ផ្ដើមរៀនធ្វើកិច្ចកាសាលា
ពេលព្រឹកខ្ញុំក្រោកពីម៉ោង៤រែកទឹកស្រោចកូនឈើ
នឹងដំណាំផ្សេង
បន្ទប់មកទៀតត្រូវធ្វើដំណើរធ្វើកូនសក់លោកពេលខ្លះត្រូវ
យោ ពុន ស្ពាយថង់យាម
ខ្ញុំធ្វើបែបនេះរាល់ថ្ងៃ
ហើយបន្តដំណើរទៅរៀន។ទម្លាប់ដើរបិណ្ឌបាទធ្វើឲ្យខ្ញុំស្គាល់ទឹកដីឧត្ដរមានជ័យច្បាស់ហើយស្គាល់ខ្លឹមសារនៃជីវិតកាន់តែច្បាស់
ខ្ញុំរស់នៅវត្តអស់រយៈពេល២ឆ្នាំកន្លងផុតទៅ
ការបែកបាក់ម្ដាយឪពុកអស់រយៈពេល២០ឆ្នាំតាំងតែពីអាយុ៤ឆ្នាំ
ខ្ញុំគិតថាក្នុងមួយជាតិនេះគឺមិនបានជួបមុខពួកគាត់ទៀតទេ
តែដោយកុសលផលបុណ្យធ្វើអោយខ្ញុំបានជួបនឹងពួកគាត់វិញ
តែគ្រួសាររបស់ខ្ញុំមានជីវភាពក្រលំបាកខ្លាំង
ពួកគាត់ពួតដៃគ្នារកស៊ីនៅកណ្ដាលថ្ងៃគ្មានពេលល្ហែ
គឺដើម្បីរកប្រាក់ផ្ដល់អោយបុត្រធីតាបានបន្តការសិក្សាអោយចប់ថ្នាក់នឹងគេ
តែជីវិតអ្នកស្រែរៀនគ្មានខ្នងបង្អែកប្រៀបបានដូចធ្វើស្រែប្រវាស់នឹងមេឃគឺពឹងទៅលើវាសនាទាំងស្រុង។
ការបន្តសិក្សានៅទីក្រុងភ្នំពេញ
នៅពេលខ្ញុំបានប្រលងជាប់សញ្ញាប័ត្រតុទិយភូមិនៅឆ្នាំសិក្សា
២០១១ ២០១២
មកខ្ញុំក៏ទទួលបានអាហាររូបបត្ថម្ភខាងក្រសួងអប់រំ
ទើបរូបខ្ញុំមានឱកាសបានបន្តការសិក្សានៅទីក្រុងភ្នំពេញមុខវិជ្ជា
(សេដ្ឋកិច្ចកសិកម្ម
និងអភិវឌ្ឍន៍ជនបទ)
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
សភាពរៀននៅទីក្រុងភ្នំពេញមានការលំបាកខ្លាំងដោយសារ
តែការសិក្សាខ្សោយ
រៀនមិនទាន់អ្នកទីក្រុងគេចេះប្រើបច្ចេកវិទ្យាទាន់សម័យដូចជា
កុំព្យូទ័រ
ទូរស័ព្ទដៃ
...
ហើយពួកគេមានអាហារូបបត្ថម្ភគ្រប់គ្រាន់ដើម្បីជួយជំនួយដល់ខួរក្បាលរបស់គេណាមួយការធ្វើដំណើររបស់គេក៏ងាយស្រួល
តែទោះជាយ៉ាងណាក៏ដោយខ្ញុំនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយកំលាំងចិត្តដើម្បីភាពជោគជ័យ
ទី២គឺស្ថានភាពសង្គមនៅទីក្រុងភ្នំពេញ
អសន្ថិសុខខ្លាំងណាស់ មានចោរ
ក្មេងទំនើង អ្នកមិនគោរពច្បាប់ចរាចរណ៍
អ្នកមានជិះជាន់អ្នកក្ររឿងនេះកើតមាននៅទីក្រុងភ្នំពេញជាក់ស្ដែងដូចជានិស្សិតមកពីតាមតំបន់ជនបទដូចជារូបពួកខ្ញុំ។
ជាពិសេសជាងនេះទៅទៀតខ្ញុំសូមថ្លែងអំណរអរគុណដល់សមាគមនិស្សិតឧត្ដរមានជ័យដែលបានផ្ដល់កន្លែងស្នាក់ដល់និស្សិតក្រីក្រ
ដូចជាអោយនិស្សិតខ្លីលុយខ្លះៗដើម្បីជីវភាពប្រចាំថ្ងៃ។
ថ្ងៃទី១២
ខែឧសភា ឆ្នាំ ២០១២
បូ
វិណៃ