Monday, June 6, 2011

ចំណាប់​អារម្មណ៍​និស្សិត ផាត សុភឿន​នៅ​ទីក្រុង​ភ្នំពេញ

ខ្ញុំ​បាទ​ឈ្មោះ  ផាត  សុភឿន  ភេទ ប្រុស មាន​ទី​កន្លែង​កំ​ណើត​នៅ​ភូមិ​គោក​ស្វាយ ឃុំ​គោកមន ស្រុក​បន្ទា​យ​​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ អតីត​ជា​សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន​ឧត្តរមានជ័យ។ ​បច្ចុប្បន្ន​ជា​និ​ស្សិ​តនៃ​សាកល​វិទ្យាល័យ​អន្តរជាតិ ជំនាញ​សំណង់​ស៊ីវិល។​ ខ្ញុំ​ជា​និ​ស្សិត​អាហារ​រូប​ករណ៍ សមេ្តច​តេ​ជោ​ហ៊ុន សែន។
ការ​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ខ្ញុំ​បាន​ស្នាក់​នៅ​ក្នុង​សមាគម​​និស្សិត​​ឧត្តរ​មានជ័យ។ ពេល​មក​ដល់​ភ្នំពេញ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ឯក​កោ និង​ភ័យ​ខ្លាច​ជា​ខ្លាំង​ព្រោះ​ភ្នំពេញ​ធំ​ណាស់ ហើយ​ខ្ញុំ​មិន​​ធ្លាប់​ស្គាល់​ភ្នំពេញ​សោះ​ពី​មុន​មក ម្យ៉ាង​ទៀត​​សូម្បី​តែ​សាច់ញាតិ ឬ​មិត្ត​ភក្តិ​នៅ​ទី​ក្រុង​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា ខ្លួន​ខ្ញុំ​មិន​ឯក​កោ​ទេ ព្រោះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​មាន​អ្នក​ឧត្តរ​មាន​ជ័យ​ជា​ច្រើន​មក​បន្ត​ការ​សិក្សា​នៅ​ទី​នេះ ហើយ​អ្នក​​​ទាំង​អស់នោះ ភាគ​ច្រើន​ស្នាក់​នៅ​ក្នុង​សមាគម​ជា​មួយ​ខ្ញុំ​ដែរ។ បន្ថែម​លើស​​នេះ​ទៀត សមាគម​បាន​អប់រំ​ខ្ញុំ និង​និស្សិត​ឯ​ទៀត​ៗ ឲ្យ​រស់​នៅ​ប្រក​ប​​​ដោយ​ មេត្តា ករុណា ស្មោះ​ត្រង់​ចំពោះ​គ្នា គោរព​សិទ្ធិ​គ្នា​.... ក្រៅ​ពី​នេះ និស្សិត​គ្រប់​រូ​ប​ដែល​រស់​នៅ​ក្រោម​ដំបូល​សមាគម​តែ​មួយ​ ត្រូវ​ស្រ​ឡា​ញ់​រាប់​អាន​គ្នា​ដូច​ជា​បងប្អូន ទោះបី​ជា​យើង​មិន​មែន​ជា​បង​ប្អូន​ក៏​ដោ​យ
យ៉ាង​​ហោច​ណាស់​ក៏​យើង​មាន​ឈាម​ជ័រ ជា​អ្នក​ឧត្តរមានជ័យ​ដូចគ្នា​ដែរ​។
លើស​ពី​នេះ ទៅ​ទៀត​សមាគម​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ហ៊ាន​បញ្ចេញ​មតិ និង​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ស្តី​ពី​បញ្ហា​ផ្សេង​ៗ ដែល​មាន​ក្នុង​សមាគម​ដើម្បី​កែ​​លំអ និង​អភិវឌ្ឍ​ឲ្យ​រីក​ចំរើន ក្នុង​ពេល​ប្រជុំ​ម្តង​ៗ​។ ចំពោះ​ការ​សិក្សា​​នៅ​សាក​ល​​វិទ្យាល័យ ​គឺ​មាន​ការ​ប្រកួត​ប្រជែង​ច្រើន និស្សិត​នៅ​ទី​ក្រុង​​ គេ​មាន​ប្រៀប​ជាង​និស្សិត​មក​ពី​បណ្តា​ខេត្ត​ ព្រោះ​ភ្នំ​ពេញ​ជា​ទី​ក្រុង​ពាណិជ្ជ​កម្ម ដូច​នេះ​​អី្វៗ​គ្រប់​យ៉ាង​ គឺ​ស្តុក​ក្នុង​ទី​ក្រុង មាន​ទាំង​បច្ចេកវិទ្យា ប្រព័ន្ធ​អ៊ីនធឺណិត កុំព្យូទ័រ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ រោង​ចក្រ​ឧស្សាហ​កម្ម​ធំៗ ទីផ្សារ​ការ​ងារ  ទាំង​អស់​នេះ​ គឺ​មាន​នៅ​តាម​ទីក្រុង ហេតុ​នេះ​ហើយ ទើប​ចំ​ណេះ​​ដឹង​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​នៅ​តាម​ខេត្ត។ ដោយឡែក​សម្រាប់​និស្សិត​មក​ពី​ខេត្ត​ឧត្តរមានជ័យ​ ខាង​ផ្នែក​បច្ចេកវិទ្យា​នៅ​មាន​កំរិត​ទាប ដូច​ជា​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ អ៊ីនធឺណិត អ៊ីមែល ភាគ​ច្រើន​គឺ​មិន​ចេះ ជា​ពិ​សេស​ភាសា​​បរទេស ព្រោះ​នៅ​ឧត្តម​សិក្សា​ភាគ​ច្រើន យក​ភាសា​អ​ង់​គ្លេស​ជា​ភាសា​យាន។​ បើ​យើង​មិន​ចេះ​ភាសា​អង់គ្លេស​ទេ នោះ​ជា​ផល​​វិបាក​សម្រាប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ប្អូន​ៗ​ជំនាន់​ក្រោយៗ​ ឲ្យ​ខិត​ខំ​រៀ​ន​សូត្រ​ឲ្យ​បាន​ពូកែ​ទាំង​ផ្នែក បច្ចេកវិទ្យា ភាសា​អង់គ្លេស និង​ចំណេះ​ដឹង​ទូ​ទៅ ព្រោះ​កាល​ណា​តែ​យើង​​ពូកែ​ពី​ថ្នាក់​ក្រោម​មក បើ​យើង​ចង់​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដម​សិក្សា​វា​ក៏​មាន​ភាព​ងាយ​​​ស្រួល​​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ឧត្តម​សិក្សា​រាល់​ឯកសារ​ទាំង​ឡាយ​សុទ្ធ​សឹង​តែ​ជា​ភាសា​អង់​គ្លេស ហើយ​ឯកសារ​ភាគ​ច្រើន​យក​ចេញ​​ពី​ប្រព័ន្ធ​អ៊ីនធឺណិត។​ បើ​អ្នក​មាន​​​បំណង​មក​សិក្សា​នៅ​ទីក្រុង​ តែ​អ្នក​គ្មាន​សាច់​ញា​តិ​នៅ​ទី​នោះ​ទេ ចូរ​អ្នក​កុំ​អស់​សង្ឃឹម  អ្នក​ត្រូវ​ចង់​ចាំ​ថា​មាន​សមាគម​នៅ​រង់ចាំ​ណែនាំ និង​ប្រឹក្សា​យោបល់​ដល់​អ្នក៕