អ្នកមានអ្នកក្ររស់សែនខុសគ្នា
ទោះក្ដៅរងាផ្ទុយគ្នាស្រឡះ
របៀបរបបខុសគ្នាទាំងអស់
ធាតុដូចគ្នាសោះតែន័យខុសគ្នា។
អ្នកមានស៊ីរើសគ្រប់រសចំណី
តែអ្នកក្រក្រីស៊ីឥតរុញរា
ឲ្យតែបានឆ្អែតរស់នៅមួយគ្រា
ទោះបីអាហារខូចស្អុយក៏ដោយ។
អ្នកមានដេកពូករស់យ៉ាងសប្បាយ
អ្នកក្រលាក់កាយមិនជិតមុខក្រោយ
ផ្ទះនៅបែកបាក់លំហល្វឹងល្វើយ
បែកមុខបាក់ក្រោយដំបូលផ្កាយរះ។
អ្នកមានចង់ទៅណាគេជិះឡាន
អ្នកក្ររហាមជិះកង់កញ្ចាស់
រត់ដើរថ្មើរជើងរម៉ក់រទះ
តែអ្នកក្រណាស់ដើររៀងរាល់ថ្ងៃ
អ្នកមានស្លៀកពាក់ខោអាវស្អាតបាត
អ្នកក្រសង្វាតជជុះឥតតម្លៃ
ក្រណាត់រហែកប៉ះថ្នេរសសៃ
ខោអាវអស់ថ្លៃពីពាន់ប្រាំរយ។
អ្នកមានប្រើតែរបស់ទំនើប
អ្នកក្រតូចទាបមិនស្គាល់ពាក្យឡូយ
ដឹងតែអាបអួមិនស្គាល់ហេងស៊យ
តែរបស់ស្អុយស្គាល់គ្មានចន្លោះ។
អ្នកមាននៅម្លប់ម៉ាស៊ីនត្រជាក់
អ្នកក្រភ្នែកធ្លាក់ហាលក្ដៅក្រៀមក្រោះ
បញ្ចេញកម្លាំងថាមពលទាំងអស់
រាងកាយខ្សត់ខ្សោះស្ទើរក្ស័យជីវិត។
អ្នកមានធ្វើការមានពេលសម្រាក់
អ្នកក្រសស្រាក់គ្មានសៅរ៍អាទិត្យ
គ្មានស្គាល់ថ្ងៃបុណ្យទានទិវាសិទ្ធិ
ព្រោះពួកគាត់គិតឥតការឥតហូប៕
ចិន ភ្នី(គីមី វិទ្យា) E-mail: chinpny@gmail.com |