Friday, September 27, 2013

សុំ



នេះ​ជា​ការ​​សុំ​                ពី​តូច​ដល់​ធំ​
សុំ​ឥត​ស្រាក​ស្រាន​         សុំ​រស់​បាន​សុខ​
ស្រណុក​ស្រួល​ប្រាណ​    សុំ​គ្រប់​ទិស​ថាន​
គ្រប់​អ្វី​ទាំង​អស់។
អ្នក​ខ្លះ​សុំ​មាន​               សុំ​កុំ​ស្រេក​ឃ្លាន​
សុំ​ទាំង​សម្រស់​             ឲ្យ​មាន​រូប​ឆោម​
រួស​រាយ​ស្រស់​បស់​ សុំ​គ្រប់​ទាំង​អស់​
ទាំង​ប្រុស​ទាំង​ស្រី​។
មាន​ខ្លះ​ទៀត​នោះ​  សុំ​មាន​កេរ្តិ៍​ឈ្មោះ​
កិត្តិយស​ល្បាញ់​ល្បី​        ឲ្យ​គេ​ស្គាល់​ច្រើន​
ចម្រើន​ប្រ​ពៃ​         នោះ​ខ្លួន​ល្អ​ក្រៃ​
ប្រពៃ​កន្លង​។
ចំ​នែក​ខ្លះ​ទៀត​              សុំ​ល្បិច​កល់​ស្នៀត​
ចាក់​ចុច​ប្អូន​បង​              ឲ្យ​ទាស់​ទេង​គ្នា​
និង​អ្នក​ភូមិ​ផង​               អ្នក​ជាប់​របង​
សៅ​ហ្មង​រាល់​ថ្ងៃ​។
តែ​ខ្លះ​ទៀត​វិញ​              ក្នុង​ចិត្ត​ទោម្នេញ​
សុំ​គូ​ប្រពៃ​            សុំ​មាន​ស្នេហា​
ដែល​ស្មគ្រ័​ស្មោះ​ក្រៃ​               កុំ​មាន​ព្រួយ​ភ័យ​
ព្រាត់​ប្រាស់​ឈឺ​ផ្សា។
ប៉ុន្តែ​អ្នក​ខ្លះ​           សុំ​កុំ​ឲ្យ​ខ្វះ​
សុខ​គ្រប់​ប្រការ​             កុំ​មាន​ជម្ងឺ​
ឈឺ​ថ្កាត់​ផង​ណា​    សុំ​ឲ្យ​ទុក្ខា​
ចាក​ឆ្ងាយ​ពី​កាយ​។
អ្នក​ខ្លះ​សុំ​ឲ្យ​         កូន​ចៅ​ក្រោយ​ៗ​
សំបូរ​សប្បាយ​              ត្រជាក់​ត្រជុំ​
គ្រប់​ក្រុម​ទាំង​ឡាយ        ​        សុំ​ឲ្យ​ចាក​ឆ្ងាយ​
រីក​រាយ​ថ្កើង​ថ្កាន​។
សុំ​សុំ​សុំ​សុំ​           សុំ​ជួប​សុំ​ជុំ​
សុំ​មាន​សុំ​បាន​              សុំ​ល្អ​សុំ​ស្អាត​
គ្រប់​ជាតិ​គ្រប់​ឋាន​          សុំ​សុខ​សុំ​សាន្ដ​
សុំ​គង់​សុំ​វង្ស​៕