Monday, June 17, 2013

នង្គ័លផាលមួយ



នង្គ័លផាលមួយផ្លែធ្វើដើមផ្ចឹក
ដងវាក្រងក់ធ្វើពីដើមធ្នង់
ដងវែងទៅមុខហៅថាដងត្រង់
ផាលស្រួចសូកក្នុងគាកតាប់ទើបល្អ។
នង្គ័លផាលមួយគឺនង្គ័លខ្មែរ
ន​ង្គ័លស្រុកស្រែខ្មែរកសិករ
ហេតុតែដងងក់ស្រីកាន់អោយល្អ
ពេលភ្ជួរទឹកវ៉ដេញតាមគន្លង។
ន​ង្គ័លផាលមួយគឺបងភ្ជួរដី
ភ្ជួរនិងស្រែថ្មីទឹកល្អក់ហូឆ្លង
ពេលស្ទូងដោតហើយស្រីស្រួលកន្លង
ឈ្លើងទាមអោបបងរឹតទាញប្រញ៉ុក។
ន​ង្គ័លផាលមួយសូមអូនជួយថែ
នង្គ័លកេរ្តិ៏ម៉ែថែពីឪពុក
បានភ្ជួរមុខសពេលត្រូវដីភក់
អូនបងស្រណុកសុខស្រួលដូចគ្នា។
នង្គ័លផាលមួយជានង្គ័លស្នេហ៍
ប​ងនិងមាសមេទៅស្រែរួមគ្នា
ភ្លៀងធ្លាក់រលឹមបងអូនរងារ
អាំងភ្លើងរួមគ្នាខ្ទមស្រែខាងត្បូង។
នង្គ័លផាលមួយជួយភ្ជួរដីស្រី
បងភ្ជួរយកដៃអោយស្រីជួយស្ទូង
អូនព្រោះសណ្តែកបងដាំដំឡូង
ជួយគ្នាម្នាក់ម្តងស្រុកភូមិតែមួយ។
នង្គ័លផាលមួយជួយដល់រូបខ្ញុំ
ភ្លៀងធ្លាក់ខែភ្ជុំស្រូវគុម្ពលាស់ត្រួយ
ន​ង្គ័លស្មោះស្ម័គ្រដងមួយផ្លែមួយ
យើងមិនភ័យព្រួយចាក់សាំងប្តូរគ្រឿង៕៚
ប៉ាវ​ ចន្រ្ទា