Monday, January 21, 2013

កុំធ្វើ...



(បទពាក្យ​កាកគតិ​)
ខ្ញុំ​សូម​ថ្លា​ថ្លែង​
បក​ស្រាយ​សំដែង​
អំ​ពី​បញ្ហា​
ដែល​កើត​មាន​ពិត​
លើ​គ្រប់​រូបា​
លើ​លោក​នេះ​ណា​
ពី​ការ​ហាម​ប្រាម​ ។​

កុំ​ឲ្យ​ឈឺ​ឆ្អាល
គិត​រឿង​ឈឺ​ក្បាល​
ចាក់​រុក​ដៀម​ដាម​
ឲ្យ​គ្រួសារ​គេ​
ទាស់​គ្នា​រហាម​    
ព្រោះ​តែ​ជឿ​តាម​
ពាក្យ​មិន​ពិរោះ​ ។

កុំ​គិត​ប្រយោជន៍​
ខ្លួន​នាំ​អាសោច​   
​មាន​ដល់​កេរ្តិ៍​ឈ្មោះ​
គិត​តែ​ចង់​បាន​
មិន​ប្រមាណ​ព្រោះ
ចង់​បាន​តែ​ឈ្មោះ​
កេរ្តិ៍ឯង​ឲ្យ​ល្បី​ ។

កុំ​ចង​ពារ​គេ​
ក្រែង​ឈឺ​ចាប់​ទ្វេរ
មក​លើ​ខ្លួន​ក្ដី​
ត្រូវ​គិត​ពី​គេ​
កុំ​រិះ​រេ​អី​      
ក្រែង​ឈឺ​ចាប់​ក្រៃ​
គ្មាន​ថ្ងៃ​ល្ហែល្ហើយ​ ។

កុំ​គិត​បង់​បោះ​
ពី​រឿង​ទាំង​អស់​   
ដែល​បាន​ធ្វើ​ហើយ​
ទោះ​ពិបាក​ក្ដី​
យើង​កុំ​កន្តើយ​    
ត្រូវ​ធ្វើ​ឲ្យ​ស្បើយ​
ស្រលះ​ពី​ចិត្ត​ ។

កុំ​កេង​ប្រវ័ញ្ញ
គិត​រឿង​ស្អប់​ខ្នាញ់​
មាន​ដល់​ញាតិ​មិត្ត​
ត្រូវ​ចេះ​ស្រឡាញ់​
ថ្នាក់​ថ្នម​ល្អ​ពិត​    
កុំ​មាន​គំនិត​
គិត​ខិល​ធ្វើ​បាប​ ។

កុំ​ចេះ​តែ​ថា​
លាក់​ពុធសាវតា
ថា​ខ្លួន​ស្អាត​បាត​
ត្រូវ​ហ៊ាន​ស្មោះ​ត្រង់​
សារភាព​សង្វាត
ត្រដាង​ថា​ស្អាត​
ខ្លួន​ពិត​ល្អ​ក្រៃ​​ ។

កុំ​ថា​តែ​មាត់​
ទង្វើ​តាម​គាប់​
នោះ​ខ្លួន​ឆ្លាត​វៃ​
ដោះ​ស្រាយ​ឲ្យ​ច្បាស់
កុំ​មាន​សង្ស័យ​
ដើម្បី​ប្រពៃ​
កិត្តិយស​ថ្លៃ​ថ្លារ​ ។

កុំ​មាន​អំនួត​
ប្រឹង​ប្រែង​ខំ​អួត
បញ្ចេញ​វាចា​
ថា​ខ្លួន​ខ្លាំង​ពិត​    
គិត​មាន​មុសា​
នោះ​ទើប​ជា​ការ​
ប្រពៃ​ល្អ​ពិត​ ។

​កុំ​ភូត​ភរ​គេ​
បោក​ប្រាស់​ហូហែ​
តាម​ចំនង់​ចិត្ត​
ធ្វើ​បាប​គេ​ឯង​
គ្មាន​ក្រែ​ង​អាណិត​
ធ្វើ​ឲ្យ​ញាតិ​មិត្ត​
នឹក​គិត​ស្អប់​ណា​ ។

​កុំ​ដើរ​តែ​លេង​
លង់​តែ​និង​ល្បែ​ង
លេង​តែ​និង​ស្រា​
លង់​តែ​និង​ស្រី
លៃ​ជក់​កញ្ឆា​
ស្រវឹង​កាលណា​
ឬក​ពារ​កោង​កាច​ ។

​កុំ​ខ្ជិល​សិក្សា​
ខំ​ប្រឹង​ធ្វើ​ការ​
ទើ​ប​មាន​អំណាច​
ធ្វើ​អ្វី​ល្អៗ​
ខិត​ខំ​បាច​សាច
នោះ​ទើប​កើត​ប្រាជ្ញ​
បណ្ឌិត​ពិតៗ​ ។

​កុំ​កុំ​កុំ​កុំ​      
កុំ​ធ្វើ​ឬក​ធំ​
តម្លើងគំនិត​
កុំ​លើក​កម្ពស់​
ឡើង​ហួស​ភាព​ពិត​
ត្រូវ​ចេះ​ក្រែង​ចិត្ត​
មនុស្ស​ដទៃ​ ។

ខ្ញុំ​សូម​វាចា​
តែ​ត្រឹម​នេះ​ណា​
ព្រោះ​ខ្ញុំ​នៅ​ខ្ចី​
សូម​ជូន​ពរ​មិត្ត​
ឲ្យ​សុខ​ថ្លាថ្លៃ
មាន​ដល់​គ្រប់​វ័យ​
ចំរើន​គ្រប់​គ្នា​ ៕
ស្ងាម ក្រឹម