Tuesday, February 14, 2012

ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​៥​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ

2012-02-13
ទាហាន​ថៃ នៅ​តែ​បន្ត​បាញ់​សម្លាប់ និង​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​កាប់​ឈើ​នៅ​ក្នុង​ ដី​ថៃ ជាប់​ព្រំដែន​នា​ខេត្ត​ឧត្តរមានជ័យ។
ប្រភព​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-​ថៃ ចំណុច​អូរស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំងប្រាសាទ បាន​ឲ្យ​ដឹង​ថា គិត​ពី​ថ្ងៃ​ទី​១០ កុម្ភៈ មក​ទល់​ថ្ងៃ​ទី​១៣ កុម្ភៈ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ៥​នាក់ បាន​ត្រូវ​ថៃ​បាញ់​ស្លាប់ ចាប់​ខ្លួន​បាន ៣​នាក់ និង​បាត់​ខ្លួន​យ៉ាង​តិច ៥​នាក់។
នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ មាស សន បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​​ខោ​អាវ​​ឈុត​ខ្មៅ បាន​បាញ់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្លាប់​ចំនួន ៣​នាក់ និង​បាត់​ខ្លួន​ចំនួន ៦​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី ៣​នាក់​ផង។ ការ​បាញ់​នេះ​កើត​មាន​នៅ​ចំណុច​មួយ​ឈ្មោះ ចំបក់​កោង ក្នុង​ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ។ ពី​ដើម​អតីត​កងទ័ព​តាម៉ុក ឈរ​ជើង​នៅ​ទី​នោះ តែ​បច្ចុប្បន្ន​ថៃ​ថា​ជា​ទឹក​ដី​ថៃ។
ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៣​នាក់ មាន​ម្នាក់​ឈ្មោះ ជា គីមឡុង មាន​មុខ​របរ​ជា​ជាង​ជួស​ជុល​ម៉ូតូ​នៅ​ភូមិតាឆាំ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ។ បច្ចុប្បន្ន​មិន​ទាន់​អាច​យក​សាកសព​មក​ធ្វើ​បុណ្យ​បាន​នៅ​ឡើយ​ទេ។ ចំណែក​អ្នក​បាត់​ខ្លួន​ក៏​មិន​មាន​ដំណឹង​ដែរ។
ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ដែល​សុំ​មិន​ចេញ​ឈ្មោះ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ កុម្ភៈ មាន​ពលរដ្ឋ​ខ្មែរ​ទៅ​រក​កាប់​ឈើ​នៅ​ដី​ថៃ ហើយ​ត្រូវ​ទាហាន​ថៃ​បាញ់​​​ស្លាប់ ១​នាក់ នៅ​ចំណុច​ចំការខ្នុរ។ ពលរដ្ឋ​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​នោះ ឈ្មោះ ចាំង ពុត ហៅ ទ្រា អាយុ ២៨​ឆ្នាំ។ បច្ចុប្បន្ន​សព​របស់​ឈ្មោះ ចាំង ពុត នោះ បាន​យក​មក​ធ្វើ​បុណ្យ​នៅ​ផ្ទះ​បង​ប្អូន​នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ហើយ។
នៅ​ថ្ងៃ​ទី​១២ កុម្ភៈ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​នៅ​ចំណុច​អូរថ្ម ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​បាន​ទាំង ៣​នាក់ ហើយ​បាន​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ដី​ថៃ បាត់​​ទៅ។
ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង ៣​នាក់ ដែល​ទាហាន​ថៃ ចាប់​យក​ទៅ​នោះ​មាន​ទី​១ ឈ្មោះ គា ទី​២ ឈ្មោះ ហួត និង​ទី​៣ ឈ្មោះ សុត។
ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ដដែល​ មាន​ពលរដ្ឋ​ខ្មែរ ៦​នាក់ បាន​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​ដី​ថៃ ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់ ១​នាក់ នៅ​ច្រក​ជប់ម្លូ ក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ហើយ​ពលរដ្ឋ ៥​នាក់ ផ្សេង​ទៀត បាន​រត់​រួច​មក​ដី​ខ្មែរ​វិញ។
នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ មាន​ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ចូល​ទៅ​កាប់​ឈើ នៅ​ដី​ថៃ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ បាន​វិល​ត្រឡប់​មក​ភូមិ​វិញ។ ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រត់​រួច​នោះ សុំ​មិន​ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មាន​ការ​លំបាក​មែន​ទែន ទម្រាំ​រត់​រួច​វិល​មក​ស្រុក​ភូមិ​វិញ​បាន។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ទាហាន​របស់​គណៈកម្មការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ សុំ​ការ​អត្ថាធិប្បាយ​លើ​ហេតុការណ៍​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទៅ​កាប់​ឈើ ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់​ជា​ច្រើន​នាក់​នោះ​បាន​ទេ។
កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ជា​ញយ​ដង​សុំ​ប្រជាពលរដ្ឋ​កុំ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​លើ​ដី​ ថៃ ដែល​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បាត់​បង់​ជីវិត៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។