Thursday, December 23, 2010

ប្រវិត្តវត្តសុគន្ធរាម គោកមន


ប្រវត្តិវត្តសុគន្ធារាម
(ហៅវត្តគោកមន)
និពន្ធដោយៈ​សូដា
        វត្តសុគន្ធរាមស្ថិតនៅក្នុងភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។ វត្តនេះ​ស្ថិត​នៅភាគ​ខាង​លិច​នៃ​ទី រួមខេត្ត ដែលមាន​ចម្ងាយ​​ប្រហែល ៣៨គីឡូម៉ែត្រ ។ វត្តសុគន្ធរាមជា វត្ត ដែលមាន​វ័យ​ចំណាស់​ជាង​គេ បន្ទាប់ពីវត្តបេងហើយទីតាំងវត្តស្ថិតនៅ​កន្លែង​ដីទួលខ្ពស់ និងនៅ​ជិត​នោះ​មានស្រះទឹកមួយយ៉ាងធំដែលគេតែងហៅថាៈស្រះធ្នង់។ ទំហំដីវត្ត​សុគន្ធ​​រាម​​​មានប្រហែលជាពីរហិចតាដីសព្វថ្ងៃនេះ។
​វត្តសុគន្ធរាម​បានបង្កើត​ឡើងក្នុងឆ្នាំ១៩៥២ ដោយសារ​តែប្រជាជន នៅ​ក្នុង​ភូមិនិងភូមិដែលនៅ​ជំវិញ​នោះ​ទៅធ្វើបុណ្យនៅវត្តភូមិបេង តែក្រោយ​មក​ភូមិ​គោកមននេះកាន់តែរីកធំ​ឡើង​ៗ ក៏និមន្តព្រះសង្ឃ​មក​ពីវត្ត​ភូមិ​បេង​មក​ស្នាក់​នៅ​ដីវត្ត​​សព្វថ្ងៃ​នេះ ហើយ​ឲ្យឈ្មោះថាវត្តគោកមន។​ ក្រោយ​មក​ពី​បង្កើត​បាន​ជា​វត្ត មាន​ព្រះចៅអធិការ​ព្រះនាម ពេន ឡេង ​លោក​បាន​កសាង​កុដិ​​ធំវែងមួយនិង​សាលាឆាន់​ លោកបានស្នាក់នៅក្នុងវត្តនោះប្រហែល២ឬ៣​ឆ្នាំ​​ក៏បានសុគត​ទៅ​។​ បន្ទាប់​មក​ក៏មានលោកគ្រូ ឯក លឿន ជាចៅអធិការ​វត្តបន្ទាប់​តែសព្វ​ថ្ងៃ​លោក​ទៅ​នៅ​​សហរដ្ឋអាមេរិច​។ ​វត្តនេះកាលពីមុនឋិត នៅ​ក្រោម​ការ​គ្រប់​គ្រង​រដ្ឋបាល​ខែត្រ​បាត់ដំបង ​ហើយដែលសម័យនោះទីរួម​ស្រុក​បន្ទាយអំពិល​ឋិត​​ក្នុង​​ភូមិអំពិល​ដែលមានប្រវែងប្រមាណ​២៧​គីឡូម៉ែត្រ​ពី​ទីរួម​ស្រុកបន្ទាយអំពិលសព្វថ្ងៃ។​បន្ទាប់​ពី​លោកគ្រូ​ ឯក ​លឿន ​បាន​លា​ចាក​សិក្ខាបទ​ទៅ មានលោក សៅ ប៉ាន់​ ជាអ្នកបន្តវេន​ក្នុងកំឡុងឆ្នាំ១៩៥៨។​
ហើយក្រោយមកមានចៅអធិការ​ច្រើនទៀត ​ដែល​បាន​ធ្វើ​និង​ស្នាក់​នៅ​ក្នុង​វត្តនេះ​តែមិនបានយូរឆ្នាំទេ។​សម្តេចប្រវ័នរ័ត្ន អ៊ីវ ទូត​ ជាមេ​គណខេត្ត​បាត់ដំបង​​ហើយត្រូវបានប្រសិទ្ធនាមឲ្យថា “​វត្តសុគន្ធរាមគោកមន”​ ក្នុងពេល​មកបញ្ចុះ​បឋមសីលា។​
     សុគន្ធរាមមានន័យថា​ អារាមដែលមានក្លិនក្រអូបដែល​សាយភាយ​ទៅ​គ្រប់ទិសទាំងបួន​។ ​ក្នុងបរិវេណវត្តនេះមានចេតីយ៍​ដែល​ចាស់​បំផុត​ជា​របស់​លោក​អាចារ្យ ​ខេន​​ ជាអាចារ្យធំខាងបូជា​សពនិងបានសិក្សាខាង​វិប្បសនា​កម្ម​ដ្ឋាន​ លុះបានដឹងពីផ្លូវក្នុង ពីដំណើរមនុស្សស្លាប់ទៅយ៉ាងដូច​ម្តេច?​លោក​ធ្វើជាអាចារ្យមុនជំនាន់ លោកគ្រួ ឯក លឿន បន្តិច​រហូតដល់​។​គួររំលឹកលោកគ្រួ ឯក លឿន បានទៅ​សិក្សាធម្មវិន័យនិង​បាលី​នៅ​ក្នុង​ខេត្ត​បាត់ដំបង​​កាលពីសម័យនោះ​។ ចំណែក​ការ​រៀន​សូត្រ​ផ្នែកព្រះសង្ឃ​វិញ​រៀន​ពី​លោកគ្រួ ឯក​ លឿន ផងដែរ​។​ នៅក្នុង​សម័យនោះ​មិន​មាន​សាលារៀន​ភាសា​បាលីទេ​ មានតែសាលា​ធម្មវិន័យតែប៉ុណ្ណោះ​។
​លុះក្រោយមកក្នុងសម័យរបបពលពតខ្មៅងងឹត​៣ឆ្នាំ​៨ខែ​២០​ថ្ងៃ ​វត្ត​នេះ​ត្រូវ​បានបោះបង់ចោល ដូចបណ្តាវត្តដទៃទៀត ក្នុងប្រទេសកម្ពុជាផងដែរ​។​តែសម័យក្រោយមកទៀត​វត្តនេះ ក្លាយ​ជាកន្លែង​ទាហាន​ឈរ​ជើង​ជួរ​មុខ​របស់​​​ហេងសំរិន ​និងជាចំការមីន​នៅបរិវេ​​​​​ណវត្តនោះ​។ ​តាំងពី​សម័យ​ប៉ុល ពត រហូតដល់​សម័យ​រដ្ឋ​កម្ពុជាទី​ធ្លាវត្តត្រូវបានបោះបង់ចោល​ដោយសារ​តែ​វា​ជា​​​ចំការមីន ​ក្រោយ​ពីពេល ធ្វើសមាហរណ៍កម្ម​ក្នុង​ប្រទេស​ទីធ្លា​​​វត្ត​ត្រូវ​បាន​ដោះ​​មីន​និង​ប្រគល់ជូន​ទៅ​ប្រជាជនវិញ​ហើយបង្កើត​វត្ត​សារជាថ្មី​នៅ​កំឡុង​ទស្ស​វត្ស​ទី៩០​​។ បន្ទាប់ពីបង្កើតមកទីវត្តនេះមិនទាន់​មានការអភិវឌ្ឍន៍​ឲ្យ​មាន​វិហារ​ សាលាឆាន់ កុដិ ដែលសមជាវត្តដែលកើតតាំងពីយូរទេ​។ ខ្ញុំសង្ឃឹមថា អជ្ញាធរ និង​សប្បុរសជនក្នុងនឹងក្រៅប្រទេស នឹងជួយជ្រោមជ្រែងឲ្យវត្តដ៏ ចំណាស់នេះបានកែប្រែរូបរាង សមជាកន្លែងដែលប្រជាជនក្នុងតំបន់ទៅ​គោរពប្រតិបិត្តធម៌។ ជាពិសេសទៅទៀត អាជ្ញាធរនឹងថែរក្សាចេតិយ៍ដ៏ចំណា ស់មួយនោះផងដែរ៕៚