Monday, May 27, 2013

ដើមរវៀង



ដើម​រវៀង​គឺ​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​ចូលចិត្ត​ដុះ​តាម​តំបន់​វាល​ស្រែ​ដី​ស្រឡះ​មាន​ស្មៅ​ជា​គុម្ពៗ​សំបូរ​ទៅ​ដោយ​ដី​ខ្មៅ​មាន​ជីវជាតិ​ និង​មាន​ដើម​ឈើ​ផ្សេងៗ​ដុះ​លាយ​ឡំ​មួយ​ដើម​ៗ​​​​ឃ្លាត​ឆ្ងាយ​ពី​គ្នា​។​​​ប្រភេទ​រុក្ខជាតិ​នេះ​ជា​រុក្ខជាតិ​មាន​បន្លា​​តែ​បន្លា​របស់​វា​ខុស​ប្លែក​ពី​បន្លា​រុក្ខជាតិ​ដ៏ទៃ​ទៀត​។ទ្រងទ្រាយ​របស់​វា​គឺ​កាល​ពី​វា​នៅ​ជា​កូន​រុក្ខជាតិ​វា​ច្រើន​ដុះ​នៅ​លើ​កំពូល​អាចន៏​ដី​តូចៗ​ដែល​បង្ក​ឡើង​ពី​ជន្លេន​ដែល​ភាសា​អ្នក​ស្រុក​ស្រែ​ហៅ​ថា​ភ្នំ​អាចន៏​ជន្លេន​។

រុក្ខជាតិ​នេះ​មាន​ដើម​តូច​ធំ​ទៅ​តាម​អាយុ​កាល​របស់វា​តែ​វា​មិន​ធំ​ខ្ពស់​ស្រឡូន​ដូច​ដើម​ស្រឡៅ​ឡើយ។​ដើម​នេះ​មាន​សប្បុរ​ស​ព្រាងៗ​មាន​ឫស​​ច្រើន​រាប់​ភ្លេច​ និង​មាន​ឫស កែវ​ទៀត​ផង​ហើយ​ដើម​របស់​វា​បែក​មែក​សាខា​មាន​បន្លា​ដុះ​ចេញ​តាម​កូន​មែក​តូច​ៗ។​ បន្លា​របស់​វា​វែង​ស្រួច​ប្រហាក​ប្រហែល​និង​បន្លា​ក្រសាំង​ដែរ​តែ​ខុស​ត្រង់​ថា​បន្លា​រវៀង​ដុះ​ចេញ​តែ​តាម​កូន​មែក​តែ​ប៉ុណ្ណោះ។ ស្លឹក​របស់​វា​ខ្លី​កំប៉ុសៗ​ផ្កា​របស់​វា​មាន​​ពណ៌​ស​លាយ​លឿង​មើល​ទៅ​ស្រស់​ស្អាត​ជា​ខ្លាំង​ និង​ផ្លែ​របស់​វា​មាន​ពណ៌​ស្ករ​ត្នោត​។
ដើម​រវៀង​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​នៅ​តាម​ស្រុក​ស្រែ​ជនបទ​ ប្រជាជន​និយម​យក​ដើម​របស់​វា​ធ្វើ​ជា​អុស​ ឬ ដុត​ជា​ធ្យូង​ព្រោះ​វា​ឆេះ​ល្អ​ងាយ​ស្រួល​ចំអិន​ម្ហូប​ចំណែក​ស្លឹក​របស់​វា​ធ្វើ​ជា​ជីកំប៉ុស​បែប​ធម្មជាតិ​ដោយ​យក​វា​ទៅ​លាយ​ឡំ​ជា​មួយ​និង​លា​មក​សត្វ​ដើម្បី​យក​ទៅ​ដាក់​ដំណាំ​បាន​គ្រប់​ប្រភេទ​ដូច​ជា​ដើ​ម​ស្លឹកគ្រៃ ស្ពៃ ត្រកួន ចេក ​ល្ហុង ត្រាវ ជា ដើម...។ ចំណែក​ឯ​បន្លា​របស់​វា​គេ​សង្គេត​ឃើញ​ប្រជាជន​ដែល​ធ្វើ​ស្រែ​ចំការ​យក​មក​ចាក់​ឆ្កៀល​ខ្ចៅ​ខ្យង​ជា​ពិសេស​ប្រជាជន​ដែល​ចូលចិត្ត​ដើរ​ព្រៃ​ដើម្បី​បរបាញ់​សត្វ​រក​បន្លែ​បេះ ផ្លែ​ឈើ​នៅ​ពេល​ដែល​មាន​បន្លា​ ឬ កំទេច​ឈើ​មុត​ជើង​ ឬ ដៃ​របស់​គាត់​ គឺ​គាត់​គ្មាន​វិធីសាស្រ្ត​អ្វី​ក្រៅ​ពី​នឹក​គិត​រក​បន្លា​ររៀង​យក​មក​ជួស យក​បន្លា​ ឬ ឈើ​ចេញ​ឡើយ។ ដូច​នេះ​ហើយ​បាន​ជា​មាន​ពាក្យ​បុរាណ​មួយ​និយាយ​ថា​ “បន្លា​មុត​គឺ​យក​បន្លា​ជួស​” ។ យ៉ាង​ណា​មិញ​ផ្លែ​របស់​វា​ យើង​ក៏​អាច​យក​មក​ធ្វើ​ជា​ថ្នាំ​បំបាត់​រមាស់​បាន​ដែរ​ បើ​យើង​មើល​ទៅ​វា​ហាក់​ដូច​ជា​សាមញ្ញ​តែ​មាន​ប្រសិទ្ធ​ភាព។ ក្មេងៗ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ទឹក​ដក់​ជោគ​ជាំ​ក្មេងៗ​ត្រេក​អរ​និង នាំ​គ្នា​រត់​លេង​ជាន់​ភក់​ជ្រាំ​ដែល​ជា​ដី​សំបូរ​ដោយ​ជី​ធ្វើ​អោយ​កើត​រមាស​ពង​បែក​តាម​ជើង​ ឬ ​ចន្លោះ​ម្រាម​ជើង​ ចំណែក​ឯ​មនុស្ស​ធំ​ក៏​អញ្ចឹង​ដែរ​នៅ​ពេល​ដែល​ពួក​គាត់​ធ្វើរ​ការ​ចុះ​ជាប់​និង​ស្រែ​ចំការ​ក៏​ធ្វើរ​អោយ​គាត់​កើត​រមាស់​ដែរ​។ រមាស់​នេះ​គេ​តែង​តែ​អោយ​ឈ្មោះ​ថា​អាត​ស៊ី​ជើង​។រមាស់​នេះ​ធ្វើ​អោយ​យើង​ឈឺ​រមាស់​ អេស​មិន​ឈប់​ឈរ​ឡើយ​។ តែ​នេះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​ដែល​ដឹង​គឺ​គេ​យក​ផ្លែ​រវៀង​មក​ពុះ​ជា​ពី​ចំហៀង​ ហើយ​ឆ្គៀល​យក​គ្រាប់​របស់​វា​មក​ដំ​ ឬ បុក​អោយ​ម៉ត់​យក​មក​បិត​ឬ លាប​ប្រមាណ​ពី​២ ទៅ​៥ នាទី​ វា​និង​ធ្វើ​អោយ​យើង​បាត់​រមាស់​ភ្លាម​។ហើយ​ក៏​គេអាចយក​ផ្លែរបស់​វាមកកក់​សក់​ផង​ដែរ​។ តែ​ដោយ​វិទ្យាសាស្រ្ត​ជឿន​លឿន​ធ្វើ​អោយ​ប្រជាជន​មួយ​ចំនួន​ធំ​បាន​បំភ្លេច​ចោល​នូវ​ថ្នាំ​បុរាណ​ដែល​ជា​កេរ្ត៏​ដំណែល​ពី​ដូនតា​របស់​យើង​ ហើយ​ជា​ថ្នាំ​ដែល​មាន​ប្រសិទ្ធ​ភាព​គ្មាន​ជាតិ​គីមី​។

តែ​បើ​យើង​ចេះ​ទាញ​យក​អត្ថ​ប្រយោជន៍​និង​មាន​គំនិត​ច្នៃ​ប្រឌិត​យើង​អាច​យក​វា​មក​ដាំ​ដើម្បី​លំអរ​ក៏​ជា​ម៉្យាង​ដែរ​ព្រោះ​វា​មាន​ផ្កា​ដ៏​ស្រស់​ស្អាត និង​ធ្វើ​ជា​ម្លប់​ដើម្បី​អោយ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​ទាក់​ទាញ​ភ្ងៀវ​ទេសចរណ៍​អោយ​មក​ទស្សនា​ប្រទេស​យើង​ផង​ដែរ​៕៚
ចន្រ្ទា