Sunday, June 24, 2012

យល់សប្តិកណ្តាលថ្ងៃត្រង់



ទិដ្ឋភាព​នៅ​មុខ​បេន​ឡាន កាប់ពីតូល ក្បែរ​ផ្សារ​អូរឫស្សី​​ថ្ងៃ​នេះ​​ មាន​អ្នក​ដំណើរ​អ៊ូអរ​ស្ទើរ​តែ​រក​ច្រក​ដើរ​មិន​មាន​​ ខ្លះ​អង្គុយ ខ្លះ​ឈរ​ ណែន​ណាន់​ពេញ​កន្លែង​​រង់​ចាំ​​ ។ ខ្ញុំ​បាន​ស្ពាយ​កាបូប​ខ្មៅ​មួយ និង​យួរ​វ៉ាលី​​ពណ៌​ប្រផេះ​ដើរ​ឆ្ពោះ​ទៅ​កាន់​បញ្ជរ​លក់​សំបុត្រ​។ ចម្លែក​ណាស់!​ ថៃ្ង១២ មេសា ទៅ​ហើយ សំបុត្រ​ឡាន​ក្រុង​ពី​ភ្នំពេញ ទៅ​កាន់​ទីរួម​ខេត្ត​សៀមរាប​ តម្លៃ​នៅ​តែ​ពីរ​ម៉ឺន​រៀល​ដដែល។ ខ្ញុំ​ចាំ​​​យ៉ាង​ច្បាស់​ថា ថ្ងៃ​នេះ​កាល​ពី​ពីរ​ឆ្នាំ​​មុន​​ រូប​ខ្ញុំ​បាន​ចំណាយ​លុយ​ រហូត​ដល់​បី​ម៉ឺន​រៀល​សម្រាប់​សំបុត្រ​មួយ ខាន​ទៅ​លេង​ស្រុក​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ មិន​ស្មាន​ថា​ហាង​ឆេង​សំបុត្រ​ឡាន​ក្រុង​ស្រុក​ខ្មែរ​យើង ​ប្រែ​ប្រួល​យ៉ាង​នេះ​សោះ ។
            រថយន្ត​ក្រុង​បាន​​វិល​កង់​នៅ​ម៉ោង៦ និង៣០​នាទី។ តែ​ទំរាំ​តែ​ឆ្លង​ផុត​ស្ពាន​ជ្រោយចង្វា​ ម៉ោង​ប្រមាណ​ជា៧ និង២០​នាទី​ទៅ​ហើយ។ រដូវ​បុណ្យ​ចូល​ឆ្នាំ​បែប​នេះ​ មាន​មនុស្ស​ម្នា​ធ្វើ​ដំណើរ​​ទៅ​កាន់​ស្រុក​កំណើត​ច្រើន​ណាស់។ តាម​​ដង​មហា​វិថី និង​រុក្ខវិថិ​នានា ​មាន​សភាព​កក​ស្ទះ ពោរ​ពេញ​ទៅ​ដោយ​យានយន្ត​តូច​ធំ ​ ម៉ូតូ​ កង់​ជា​ដើម ទៅ​ម​ក​មិន​ចេះ​អស់​រវល់​សោះ ។
            នៅ​ក្នុង​រថ​យន្ត​ក្រុង ខ្ញុំ​អង្គុយ​មើល​ទេស​ភាព​តាម​ដង​ផ្លូវ​ជាតិ​លេខ​៦មិន​បាន​យូរ​ប៉ុន្មាន​ផង ត្របក​ភ្នែក​ខ្ញុំ​ក៏​ចាប់​ផ្តើម​ទន់ ព្រោះ​អត់​ងងុយ​កាល​ពី​យប់​មិញ។ មិន​ទាន់​ទាំង​ឆ្លង​ស្ពាន​ទី​៥​ផង​ ខ្ញុំ​ក៏​ធ្មេច​ភ្នែក​សម្ងំ​គេង​នៅ​លើ​កៅ​អី​រថយន្ត​ក្រុង​ដោយ​គ្មាន​ខ្វល់​ពី​បញ្ហា​អ្វី​ទាំង​អស់​ ។​​
            ឆ្លង​កាត់​ចំណត​​​ឈប់​សម្រាក​ចំនួន​ពីរ​កន្លែង​ ដើម្បី​​ស្រស់​​ស្រូប​អាហារ​ពេល​ព្រឹក និង​អាហារ​ថ្ងៃត្រង់​ រថយន្ត​ក្រុង​បាន​ដឹក​អ្នក​ទាំង​អស់​មក​ដល់​បេន​ឡាន​ចុង​កៅស៊ូ ខេត្ត​​សៀមរាប ​នៅ​ម៉ោង​១ និង​៣៥នាទី។ ​ខ្ញុំ​ម្នី​ម្នា​ស្រូត​ចុះ​យ៉ាង​ប្រញាប់​ប្រញាល់ ដើម្បី​រក​រថយន្ត​ឈ្នួល​បន្ត​ពី​សៀមរាប​​ ទៅ​កាន់​ទី​រួម​ស្រុក​សំរោង​ ខេត្ត​ឧត្តរមានជ័យ។ បើ​នៅ​អែ​អង់​យូរ ​ច្បាស់​ជា​ត្រូវ​ដេក​ផ្ទះ​សំណាក់​មួយ​យប់​នៅ​សៀមរាប​ជា​មិន​ខាន​ព្រោះ​គ្មាន​​រថយន្ត​ឈ្នួល​បន្ត​ដំណើរ ។
            មិន​ខុស​ពី​សំបុត្រ​ឡាន​ក្រុង​ទេ រថយន្ត​ឈ្នួល​មួ​យ​បំាង​កន្លះ​ដែល​ខ្ញុំ​ជិះ ខ្ញុំ​ចំណាយ​ត្រឹម​​តែ​​​ពីរ​ម៉ឺន​រៀល​ប៉ុណ្ណោះ ​មិន​មែន​បី​ម៉ឺន​រៀល​ដូច​កាល​ពី​ពីរ​ឆ្នាំ​មុន​ឡើយ​ ។  
ចំណាយ​​ពេល​ប្រហែល ​៣៥នាទី ចេញ​ពី​ទី​រួម​ខេត្ត​សៀមរាប​ រថយន្ត​ឈ្នួល​ក៏​បាន​មក​ដល់​ទីប្រជុំ​ជន​ស្រុក​ក្រឡាញ់។ ខ្ញុំ​អង្គុយ​សម្លឹង​មើល​ទិដ្ឋភាព​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ពី​សៀមរាប​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ ស្ទើរ​តែ​មិន​ហាន​ប្រិច​ភ្នែក ។ ផ្លូវ​នេះ​ធំ​ស្អាត​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ មិន​ដូច​កាល​ពី​ឆ្នាំ​មុន ពេល​ខ្ញុំ​មក​លេង​ស្រុក​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​ឡាន​ជាប់​ផុង​ស្ទះ​ផ្លូវ​រហូត​ដល់​ទៅ​ប្រាំ​មួយ​ ទៅ​ប្រាំពីរ​ម៉ោង​ឯណោះ ។​
ត្រង់​ចំណុច​រង្វង់​មូល​ផ្លូវបំបែក​ តៃកុង​ឡាន​បាន​បត់​ចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៦៨ ក្នុង​បំណង​ឆ្ពោះ​ទៅកាន់​ទី​រួម​ស្រុក​សំរោង ខេត្ត​ឧត្ត​រមាន​ជ័យ ។ ខ្ញុំ​ស្មាន​តែ​តៃ​កុង​ឡាន​បើក​​ច្រឡំ​ផ្លូវ​​ទើប​ដណ្តឹង​សួរ៖
-បង​ផ្លូវ​នេះ​​ទៅ​ណា​​ដែរ​ ?
-គឺ​ទៅ​សំរោង​ចុង​កាល់ ម៉េច​ប្អូន​សួរ​បែប​នេះ​ទៅ​វិញ​ ? ក្រែង​ប្អូន​ទៅ​សំរោង​ចុងកាល់​ ?(តៃកុង​ឡាន​តប)
-បាទ​បង​គឺ​ទៅ​​សំរោង​ចុងកាល់​ហ្នឹង​ហើយ គ្រាន់​ហាក់​ដូច​ជា​ប្លែក​ផ្លូវ​បន្តិច ។
មិន​នឹក​ស្មាន​សោះ​ បែក​ស្រុក​តែ​ពីរ​ឆ្នាំ​ ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ ខែប្រាំង​ហុយ​ដី​ទ្រលោម មាន​ក្រឡុក​តូច​ធំ​ជា​បន្ត​បន្ទាប់​ស្ទើរ​តែ​គ្មាន​លោះ​កន្លែង​ ខែ​វស្សារ​វិញ ​កន្លែង​ខ្លះ​​មាន​ទឹក​ជំនន់​ហូរ​កាត់​​ លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​  ហេតុ​អ្វី​ក៏​ថ្ងៃនេះ ក្លាយ​ទៅជា​ផ្លូវ​ក្រាល​កៅ​ស៊ូ​យ៉ាង​ស្អាត ទទឹង​ផ្លូវ​ធំ​ទូលាយ​ទៅ​វិញ។ រថយន្ត​បោះ​ពួយ​យ៉ាង​លឿន​ ទៅ​មុខ ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ខ្លួន​ឯង​ថា​កំពុង​ជិះ​លើ​រថយន្ត​ឈ្នួល បែរ​ជា​គិត​​ថា​ខ្លួន​​ឯង​កំពុង​អង្គុយ​មើល​ទស្សនីយ​ភាព​តាម​ដង​ផ្លូវ ក្នុង​រោង​ភាព​យន្ត​​​ទៅ​វិញ ព្រោះ​មិន​មាន​រលាក់​អ្វី​សោះ។ រថយន្ត​បាន​បន្ត​ដំណើរ​ឆ្លង​កាត់​​ស្រុក​ស្រីស្នំ(ខេត្ត​សៀមរាប) ស្រុក​ចុងកាល់ (ខេត្ត​ឧត្តរ​មាន​ជ័យ)​ ទើប​មក​ដល់​ទី​រួម​​ស្រុក​សំរោង បេះ​ដូង​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ​។​     ខណៈ​នោះ ទូរស័ព្ទ​ដៃរ​បស់​ខ្ញុំ​បាន​ដើរ​ដល់​ម៉ោង ៤​ និង០៥នាទី រថយន្ត​ក៏​បាន​មក​ដល់​រង្វង​មូល​ព្រះ​នរាយ​ទី​រួម​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ។ បើ​កុំ​តែ​ផ្លូវ​ស្រួល​បែប​នេះ ប្រហែល​ម៉ោង​ប្រាំ​កន្លះ ឬ ម៉ោង​ប្រាំ​មួយ​ទើប​មក​ដល់។ បើ​រដូវ​វស្សា​វិញ​មាន​ទឹក​លិច​ផ្លូវ ជួល​កាល​ឡាន​ជាប់​ផុង យប់​ពាក់​កណ្តាល​​អាធ្រាត​​ទើប​មក​ដល់​ផ្ទះ​ក៏​មាន ។
           រង្វង់​មូល​ព្រះ​នរាយ ដែល​កាល​ពី​មុន​មាន​សភាព​សោះ​កក្រោះ សូម្បី​តែ​ស្មៅ​មួយ​ទង​ស្ទើរ​តែ​គ្មាន​ដុះ ប្តូរ​មក​ជា មាន​ផ្កា​រីក​ស្កុះ​ស្គាយ​អួត​លំអ មាន​សត្វ​កន្ទុំ​រុយ​ហើរ​ហៀវ​ឆ្វែល​ឆ្វាត់​ ​មាន​បង្គោល​គោម​ភ្លើង​សម្រាប់​​បំភ្លឺ​ពេល​រាត្រី មាន​បង់​សម្រាប់​អង្គុយ​លំហែ ស្រស់​ស្អាត​មិន​ចាញ់​រង្វង់​មូល​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វារ​ប៉ុន្មាន​ទេ។ រថយន្ត​ឈ្នួល​បន្ត​ដំណើរ​ឆ្ពោះ​សំដៅ​ទៅ​កាន់​បេន​ឡាន​មុខ​ផ្សារ​សំរោង​។ តាម​ផ្លូវ​ខ្ញុំ​ឃើញ​មាន​ផ្ទះ​តូច​ធំ​នា​នា​ជា​​ច្រើន​ ប្រកប​ដោយ​ការ​រៀប​ចំ​តុបតែង​ស្រស់​ស្អាត មាន​ហាង​លក់​សំលៀក​បំពាក់ លក់​គ្រឿង​សំអាង Mini Mart ការិយាល័យ​ក្រុមហ៊ុន​ និង​ហាង​លក់​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀត។ តាម​ផ្លូវ​តូច​ធំ​នានា​ មាន​ខ្លះ​ក្រាល​កៅ​ស៊ូ ខ្លះ​ក្រាល​​បេតុង គ្មាន​ផ្លូវ​ណា​មួយ​ជា​ផ្លូវ​ដី​ក្រួស​ក្រហម​ទេ ។​   ប្រព័ន្ធ​លូ​ទឹក បង្គោល​គោម​ភ្លើង​តាម​ដង​ផ្លូវ​ក៏​មាន​ការ​រៀប​ចំឡើង​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ។
មក​ដល់​បេនឡាន​មុខ​ផ្សារ​សំរោង ខ្ញុំ​ក៏​ចុះ​ចេញ​ពី​រថយន្ត​ឈ្នួល​ ​ដោយ​មិន​​បន្ត​ដំណើរ​តាម​ម៉ូតូ​ឌុប​ទេ ព្រោះ​ផ្ទះ​របស់​ខ្ញុំ​ស្ថិត​នៅ​ខាង​ត្បូង​ផ្សារ ប្រមាណ​ជា​៣០​ម៉ែត្រ​តែ​ប៉ុណ្ណោះ។ នៅ​ចំពី​មុខ​ផ្សារ​សំរោង ខ្ញុំ​សម្លឹង​មើល​ស្តង់​លក់​ទំនិញ​ជា​ច្រើន​ មាន​ដាក់​តាំង​ទំនិញ​លក់​គ្រប់​ប្រភេទ​ការ​រៀប​តុប​តែង​ទៀត​សោត​ ក៏​ស្រស់​ស្អាត​មិន​ចាញ់​ហាង​ទំនិញ​នៅ​ក្រុង​ភ្នំ​ពេញ​ប៉ុន្មាន​ដែរ ។ ​ខុស​ប្លែក​ឆ្ងាយ​កាល​ពី​មុន​ណាស់  ពេល​មាន​ភ្លៀង​ធ្លាក់​ៗ​ម្តង​មាន​ទឹក​ដក់ នៅ​ខាង​មុខ​ផ្សារ ទឹក​ហូរ​លិច​បរិវេណ​ខាង​ក្នុង​ផ្សារ មើល​ទៅ​មិន​សក្ដិសម​ជា​ផ្សារ​​ដែល​ធំ​ជាង​គេ​របស់​ខេត្ត​សោះ។ តែ​ឥឡូវ​នេះ​មាន​ការ​រៀប​ចំ​ស្អាត​បាត មិន​មាន​ក្រឡុក​ធំៗ​ដក់​ទឹក​ដូច​មុន​ទៀត​ទេ។ ប្រព័ន្ធ​លូ​ទឹក​ក៏​មាន​សម្រាប់​រំដោះ​ទឹក​ចេញ​ពេល​ភ្លៀង​ ការ​រក្សា​អនាម័យ​ចោល​សំរាម​ក៏​មាន​របៀប​រៀប​រយ​ល្អ មាន​ធុង​សម្រាប់​សំរាម​ត្រឹម​ត្រូវ​ ។  ខ្ញុំ​នឹក​ក្នុង​ចិត្ត​រួច​និយាយ​តិច​ៗ​ថា ៖
 -ទូរស័ព្ទ​មក​លេង​ផ្ទះ​ស្ទើរ​តែ​រាល់​ខែដែរ​ តែ​គ្មាន​អ្នក​ណា​ប្រាប់​ឲ្យ​ដឹង​សោះ ថា​ការ​រីក​ចម្រើន​មុខ​មាត់​ថ្មី​របស់​ខេត្ត​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ខ្លា​ដល់​ម្លឹង ។​
           គ្រាន់​តែ​មក​ដល់​មុខ​របង​ផ្ទះ ក្មួយៗ​ខ្ញុំ​ពីរ​បី​នាក់​រត់​មក​ទទួល​ ហើយ​ខ្ញុំ​ស្រវ៉ា​អោប​ថើប​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​ក្តី​នឹក​រលឹក។ ថ្ងៃ​នេះ​ពុក និង​ម៉ែ​ខ្ញុំ​មិន​បាន​នៅ​ផ្ទះ​ទេ ពួក​គាត់​ទៅ​ចូលរួម​ពិធី​ម​ង្គលការ​របស់​បង​ជី​ដូន​មួយ​ខ្ញុំ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ថ្ងៃ​ស្អែក​ទើប​ត្រលប់​មក​វិញ ។ បង​ប្រុស និង​បងស្រី​របស់ខ្ញុំ​ពួក​គាត់​រវល់​លក់​ផ្លែ​ឈើ​​នៅ​ក្នុង​ផ្សារ​មិន​ទាន់​ត្រលប់​មក​ផ្ទះ​វិញ​ទេ​ ។ ក្នុង​ផ្ទះ​គឺ​មាន​តែ​ពួក​ក្មួយៗ​ខ្ញុំ​បី​នាក់​ទេ​នៅ​ចំា​ផ្លូវ​ខ្ញុំ ។
ឆាទ្រី ជា​កូន​ពៅ​របស់​បង​ស្រី​ខ្ញុំ​មាន​អាយុ​ទើប​តែ​៣​ឆ្នំា បាន​កាន់​កូន​សោរ​ម៉ូតូ​មក​ឲ្យ​ខ្ញុំ ​បន្ទាប់​ពី​ខ្ញុំ​ងូត​ទឹក​សំអាត​ខ្លួច​រួច​រាល់ ហើយ​ទាម​ទារ​ឲ្យ​ខ្ញុំ​ឌុប​វា​​ទៅ​លេង​សួន​ច្បារ​នៅ​មុខ​សាលា​ខេត្ត ទាំង​ខ្ញុំ​មិន​ទាន់​ទាំង​បាន​ទៅ​ជួប​បង​ស្រី និង​បង​ថ្លៃ​ខ្ញុំ​នៅ​ឯផ្សារ​ផង ។ ដោយ​ខ្លាច​ក្មួយ​យំ​រក​រឿង​ និង​ចង់​ទៅ​មើល​ទិដ្ឋភាព​សួនច្បារ​ថ្មី​របស់​ខេត្ត​ផង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឌុប​ពួកគេ​ទាំង​បី​​នាក់​ ដោយ​ដាក់​ឆាទ្រី​នៅ​ខាង​មុខ​ម៉ូតូ​​ និង​បង​ៗ​របស់​វា​នៅ​ពី​ខាង​ក្រោយ ​រួ​ច​សំដៅ​ម៉ូតូ​ទៅកាន់​សួន​ច្បារ​មុខ​សាលា​ខេត្ត​តែម្តង ។
            មក​ដល់​សួន​ច្បា​រមុខ​សាលា​ខេត្ត ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ស្ទើរ​តែ​មិន​ជឿ​ថា​ជា​សួន​ច្បារ​របស់​ខេត្ត​ខ្លួន​ធ្លាប់​រស់​នៅ​។ ក្នុង​សួន​ច្បារ​មុខ​​មាន​ផ្កា​រីក​ស្គុះស្គាយ​ចំរុះ​ពណ៌ មាន​ត្រចៀក​កាំ និង​សត្វ​កន្ទុំរុយ​ហើរ​ឆ្វែល​ឆ្វាត់​ ក្រោម​ពន្លឺ​ពណ៌ក្រហម​ដ៏​ស្រទន់​នៃ​ព្រះ​សូរិយា នា​ពេល​ល្ងាច។ បរិវេណ​សួន​ច្បារ​មាន​ក្រាល​ការ៉ូឡា ​មាន​បង់​សម្រាប់​អង្គុយ​កំសាន្ត មាន​បង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​ពេល​រាត្រី​ដោយ​មាន​ការ​រៀប​ចំ​រចនា យ៉ាង​ស្រស់​ស្អាត​។ បឹងស្នោរ​ជា​បឹង​ដ៏​ធំ​មួយ​ ស្ថិត​នៅ​ពី​ចំ​មុខ​សាលា​ខេត្ត​ឧត្តរ​មានជ័យ​ មាន​ដាំ​ដើម​រំដួល​នៅ​ជុំវិញ​ផ្ទៃ​បឹងទាំង​មូល​ ដែល​មាន​ទំហំ​ជិត​មួយ​គីឡូ​ម៉ែត​កា​រេ​បួនជ្រុង ។ ផ្ទៃ​បឹង​​ត្រូវ​បាន​គេ​បាន​សំអាត​ មើល​ឃើញ​ទឹក​ថ្លា​ឈ្វេង​រលក​រលេញ​តាម​ខ្យល់​ជំនោរ​មិន​ឈប់​ឈរ ។ នៅ​ចំ​កណ្តាល​បឹង​គេ​​​ធ្វើ​ជា​កូនកោះ​មួយ​ មាន​សត្វ​កុក សត្វ​ប្រវឹក និង​សត្វ​ស្លាប​មួយ​ចំនួន​ទៀត​ខ្លះ​ទំ ខ្លះ​ហើរ​ត្រសង​បង្កើត​បាន​ជា​ទស្សនីយ​ភាព​មួយ​គួរ​ជា​ទី​ទាក់​ចិត្ត​ពន់​ពេក​ ។ វិមាន​រំលឹក​គុណ​ក៏បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​យ៉ាង​ត្រដែត​ នៅ​ផ្នែក​ខាង​មុខ​ឈាង​ខាងលិច​នៃ​សាលា​ខេត្ត ។ ខ្ញុំបាននាំពួកក្មួយខ្ញុំទៅអង្គុយ​លើបង់​ក្បែរ​រូបសំណាក​សត្វ​ប្រើស ។ ឆាទ្រី វា​រត់​ទៅ​ឡើង ជិះ​លើ​កូនសត្វ​ប្រើស​តូច​មួយ​ដែល​វា​អាច​ឡើង​ជិះ​បាន ។ បម្រុង​នឹង​ងើប​ទៅ​លើក​ក្មួយមក​វិញ មាន​សំឡេង​មួយ​បន្លឺ​លើពី​ក្រោយ​ខ្នង​ខ្ញុំ៖
            -សា​រ៉ា ម៉ែន​ទេ?
            ខ្ញុំ​ស្គាល់​សំឡេង​នេះ​ច្បាស់​ណាស់ ហើយ​ប្រញាប់​ងាក​ទៅ​រក​ម្ចាស់​សំឡេង រួច​ឆ្លើយ​តប​ទាំង​សប្បាយ​ចិត្ត ៖
            -បាទ​ខ្ញុំ​គឺ​សារ៉ា  ជំរាប​សួរ​អ្នកគ្រូ
            -ចាស! ជំរាប​សួរ ។ អ្នកគ្រូ​មើល​ស្ទើរ​តែ​មិន​ស្គាល់​ ខ្ពស់​ហើយ​ស​ជាង​មុន​ឆ្ងាយ​ណាស់  តែ​ទោះ​រាង​​ស្គម​ជាង​មុន​បន្តិច ។ (អ្នកគ្រូម៉ាលី​បន្ថែម)
            អ្នកគ្រូ​ម៉ាលី​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នៅ​វិទ្យាល័យ​ហ៊ុន​ សែន​ឧត្តរមាន​ជ័យ ។ គាត់​មក​កំសាន្ត​នៅ​សួន​ច្បារ​ជា​មួយ​កូនប្រុស​តូច​របស់​គាត់​ ។ ខ្ញុំ​បាន​អង្គុយ​ជជែក​លេង​ជា​មួយ​អ្នកគ្រូ​ពីនេះ​ពីនោះ​សួរ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ​។ អ្នក​គ្រូ​បាន​សួរ​នាំ​ខ្លះ​ៗ​ពី​ការ​សិក្សា​របស់​ខ្ញុំនៅ​ឯ​ភ្នំពេញ ៖
-សារ៉ា នៅសល់​ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​ប្អូន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ
 -បាទ​អ្នកគ្រូ​ នៅ​តែ​កន្លះ​ឆ្នាំ​ទៀត
-ភ្លេចៗ​ត្រចៀក​សោះ​ជិត​ចប់​ទៅ​ហើយ ​ កុំ​ភ្លេច​វិល​​ត្រលប់​មក​ខេត្ត​យើង​វិញ​ណា​ប្អូន យក​ចំណេះ​មក​អភិវឌ្ឍ​ស្រុក​ភូមិ​របស់​យើង​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត ។
​​ -បាទ​អ្នកគ្រូ​
-សារ៉ា ប្អូន​ដឹង​ទេ ? វិទ្យាល័យ​ហ៊ុន សែន​ឧត្តរ​មាន​ជ័យ​ឥឡូវ​ ​លែង​​មាន​បញ្ហា​កង្វះ​អាគារ​សិក្សា​ទៀតហើយ​​​ មិន​មាន​សិស្ស​រៀន​ក្រោម​ដើម​ឈើ​ដូច​ជំនាន់​ពួក​ប្អូន​ទៀត​ទេ ។ គ្រូ​បង្រៀន​វិញ​ ក៏​លែង​ខ្វះ ឬ​ទាញ​យក​គ្រូ​អនុវិទ្យា​
ល័យ​ទៅ​បង្រៀន​ថ្នាក់​វិទ្យាល័យ​ដូច​មុន​ទៀត​ហើយ ​។
ខ្ញុំសប្បាយ​ចិត្ត​ខ្លាំង​ណាស់​ពេល​ដែល​បាន​លឺ​សម្តី​អ្នក​គ្រូម៉ាលី​និយាយ​ប្រាប់​ខ្ញុំបែប​នេះ។ អ្នកគ្រូ​បាន​បន្ថែម​ទៀត​ថា៖
-ឆ្នាំ​ក្រោយនេះ​ ខាង​ក្រសួង​និង​រៀប​ចំ​គម្រោង​បង្កើត​​ជា​សកល​វិទ្យា​ល័យ​មួយ​នៅ​ក្នុង​ខេត្ត​របស់​យើង​ ។
            កំពុង​តែ​មាន​ជំនក់​ក្នុង​ការ​ជជែក​ពី​នេះ​ពី​នោះ​ជា​មួយអ្នកគ្រូ​ សំឡេង​របស់​ វាយោ ​បាន​បន្លឺ​ហៅ​រូបខ្ញុំ​ល្វើយៗ៖
-សារ៉ា! សារ៉ា​! សារ៉ា​!  ភ្ញាក់​ឡើង​ ដល់​ម៉ោង​ទៅ​រៀន​ហើយ ។
ខ្ញុំ​បើក​ភ្នែក​ស្ទើរ​តែ​មិន​ចង់​រួច ស្រវ៉ា​លូក​ទាញ​​ទូរសព្ទ ពីលើ​ក្បាល​ដំណេក​​មក​មើល​ ឃើញ​ម៉ោង​០១ និង៥០នាទី ខ្ញុំ​ក៏​ស្ទុះ​ក្រោក​យ៉ាង​ប្រញាប់​ប្រញាល់ ព្រោះ​ជិត​ដល់​ម៉ោង​ចូល​រៀន ។
កំពុង​ងូត​ទឹក​បណ្តើរ ខ្ញុំ​នឹក​អស់​សំណើចពី​យល់​​​​សប្តិទាំង​កណ្តាល​ថ្ងៃ​ត្រង់​បណ្តើរ​ ។ ខ្ញុំ​នឹក​ក្នុង​ចិត្ត​ខ្លួនឯង   “ ចេះតែ​នឹក​​ស្រមើរ​ស្រម៉ៃ​ផ្តេស​ផ្តាស​ មក​ពី​ខាន​ទៅលេង​ស្រុក​កំណើត​យូរ​ឆ្នាំ​ហើយ ទើប​បណ្តាល​ចិត្តឲ្យ​គិត​យល់​សប្តិ​ឃើញ​បែប​នេះ។ មិន​អាច​ទៅ​រួច​ទេ ​ខេត្ត​ដែល​ស្ថិត​នៅ​តំ​បន់​ជនបទ​ដាច់​ស្រយាល ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ គ្រាន់​ខ្ញុំ​បែក​ពីរ​ឆ្នាំ​សោះ​ អី​ក៏​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​សម្បើម​ម្ល៉េះ ?  ក្នុង​ឳកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ(២០០៨) នា​ពេល​ខាង​មុខ​នេះ ខ្ញុំ​នឹង​ទៅលេង​ស្រុក​ម្តង​ហើយ​ ទោះបី​ជា​ត្រូវ​ចំណាយ​សោហ៊ុយ​អស់​ច្រើន​ក៏ដោយ ដើម្បី​កុំ​ឲ្យ​ចេះ​តែ​ដេក​យល់​សប្តិ​ផ្ដេស​ផ្ដាស​ឃើញ​បែប​នេះ​ទៀត។ ខ្ញុំ​នឹង​ទៅ​មើល​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្តង តើ​ខេត្ត​ឧត្តរ​មាន​ជ័យ ទឹក​ដី     អានុង​អាណោច កណ្តោច​កណ្តែង​កណ្តាល​ព្រៃ​ជ្រៅស្ងាត់​ជ្រងំ​​ ​អាច​មាន​វាសនា​ល្អ ដូច​ជា​ការ​យល់​សប្តិ​របស់​ខ្ញុំដែរ ឬទេ? ”
ភ្នំពេញ ថ្ងែពុធ ទី១៦ ខែមិថុនា ឆ្នាំ២០១០
និស្សិត ទឹម​ រ័ត្នម្នី ដែលបាន​ទទួលមរណភាព នៅ​កោះពេជ្រ កាលពី​ឆ្នាំ​២០១០