ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមព្រំដែនតែងភ័យខ្លាចទាហានសៀមបាញ់
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១
ដកស្រង់ពីគេហទំព័រ កោះសន្តិភាព
ខេត្តឧត្តរមានជ័យ ៖ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-សៀមនាពេលបច្ចុប្បន្ន កងទ័ពសៀមបានប្រើយុទ្ធសាស្ត្រជាច្រើនដូចជាបញ្ជូនកងទ័ព ដាក់ពង្រាយតាមខ្សែបន្ទាត់ព្រំដែនជាច្រើនកន្លែង ថែមទាំងនាំយកអាវុធធុនធ្ងន់ ទំនើបៗគំរាមកងទ័ពកម្ពុជា។ លើសពីនេះ ទៀត កងទ័ពសៀមបានប្រើរូបភាពបញ្ជាឱ្យកងទ័ពរបស់ខ្លួនលបចូល ក្នុងទឹកដីកម្ពុជា បោះជំរកកសាងបន្ទាយរបស់ខ្លួនដូចជានៅតំបន់ជប់ត្រឡោកមិន ទាន់ដកថយនៅឡើយទេ ។ ក្រៅពីនេះ ជារឿយៗទាហានសៀមតែងបាញ់រះសម្លាប់ពលរដ្ឋកម្ពុជាក្រីក្រដែល ដើររកផ្សិតព្រៃឬវល្លិនៅតាមខ្សែបន្ទាត់ព្រំដែនទៀត ។ ការរំលោភបំពានផងដែរនោះ គឺយន្តហោះសៀមតែងហោះរំលោភដែនអាកាសបូរណភាពទឹកដីរបស់ កម្ពុជាជាញឹកញាប់ ។
ប្រជាពលរដ្ឋដែលមានលំនៅឋានតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-សៀមបានរៀបរាប់ថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រមកពីតាមបណ្តាខេត្តផ្សេងមក រកស៊ីនៅតាមព្រំដែន ដូចជារកស៊ីបេះផ្សិតឈើ កាប់ផ្តៅនិងអូសគ្រញូង ឬឆ្លងដែនទៅរកការងារធ្វើលើទឹកដីសៀមហើយតែងត្រូវក្រុមទាហាន សៀមបាញ់ ខ្លះស្លាប់ខ្លះរងរបួសខ្លះចាប់ខ្លួនយកទៅដាក់គុកក្នុងប្រទេសសៀមជា ច្រើននាក់។ ទាំងអស់នេះដោយសារតែពួកគាត់មានជីវភាពក្រីក្រ ទើបបង្ខំចិត្តមករកស៊ីតាមខ្សែបន្ទាត់ព្រំដែននិងធ្វើដំណើរ ឆ្លងកាត់ដោយខុសច្បាប់ចូលទៅក្នុងទឹកដីសៀមដើម្បីប្រកបរបរ ចិញ្ចឹមជីវិត មិនថាជារបរស្របច្បាប់ឬខុសនឹងច្បាប់ឡើយ ។
ចំពោះទង្វើរបស់ក្រុមទាហានសៀមដែលមានចរិត ព្រៃផ្សៃបាញ់សម្លាប់មនុស្សដូចបាញ់សត្វនេះធ្វើឱ្យមានការ ក្តុកក្តួលក្នុងបេះដូងជនកម្ពុជាដែលអាណិតអាសូរដល់ជនរួមជាតិដោយ សារត្រូវខ្មាន់កាំភ្លើងសៀមមានចិត្តសាហាវដូចសត្វប្របាញ់ ប្រហារហើយរដ្ឋាភិបាលក្រុងបាងកកនិងមេដឹកនាំយោធាសៀមបិទ ភ្នែកបិទត្រចៀកធ្វើមិនដឹងមិនឮ។ ប្រជាពលរដ្ឋកម្ពុជាម្នាក់និយាយថា ពួកសៀមក៏មានបេះដូងដែរ គ្រាន់តែជនជាតិសៀម៧នាក់ដែលចូលមកឆាឆៅលើទឹកដីកម្ពុជា ក្នុងបំណងទុច្ចរិត ហើយត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនពួកគេនាំគ្នាស្រែកឡាំប៉ា ទាមទារឱ្យដោះលែងក្តែងៗ ចុះពេលពលរដ្ឋកម្ពុជាដែលពួកគេបាញ់សម្លាប់ក្រៅច្បាប់នោះ ហេតុអ្វីមិនគិតផង ?
មន្ត្រីបម្រើការងារនៅមាត់់ច្រកទ្វារ អន្តរជាតិអូរស្មាច់បានរៀបរាប់ថា មានរបាយការណ៍ជាបន្តបន្ទាប់អំពីពលរដ្ឋកម្ពុជាចូលក្នុងទឹកដី សៀមត្រូវគេបាញ់សម្លាប់ឬក៏ចាប់ខ្លួនដែលធ្វើឱ្យប៉ះពាល់យ៉ាង ខ្លាំងដល់ទំនាក់ទំនងល្អរវាងគ្នានឹងគ្នា។ លើសពីនេះទៀត សូម្បីតែរវាងក្រុមអាជីវករឬប្រជាពលរដ្ឋនិងប្រជាពលរដ្ឋទាំងសងខាង ញញឹមដាក់គ្នាក៏មិនស្រស់ដែរ ។ វាជាការពិតណាស់ដែលរដ្ឋាភិបាលក្រុងបាងកកតែងប្រកែកថាការបាញ់ សម្លាប់នោះមិនមែនជារឿងនយោបាយរបស់ក្រុងបាងកកដើម្បីទប់ស្កាត់ ការឆ្លងដែនខុសច្បាប់ឡើយ ប៉ុន្តែនៅពេលដែលមានការបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជាដ៏ អយុត្តិធម៌បែបនេះ រដ្ឋាភិបាលក្រុងបាងកកត្រូវតែមានការទទួលខុសត្រូវមួយចំណែក ពីព្រោះខ្លួនអប់រំពួកយោធាព្រំដែនមិនបានល្អ ដោយធ្វើឱ្យពួកគេមានចរិតសាហាវព្រៃផ្សៃមិនឱ្យតម្លៃជីវិត មនុស្សដែលជាតម្លៃសាកល ។
មន្ត្រីដដែលបញ្ជាក់ថា ចាប់តាំងពីកើតមានជម្លោះព្រំដែនកម្ពុជា-សៀម កាលពីថ្ងៃទី១៥ កក្កដា ២០០៨មក តាមការសង្កេតឃើញថា រដ្ឋាភិបាលក្រុងបាងកកនិងក្រុមមេដឹកនាំយោធាព្រមទាំងក្រុម ទាហានដែលមានមហិច្ឆតាឈ្លានពានបូរណភាពទឹកដីកម្ពុជាតាំងពីអតីត កាលរហូតមកទល់បច្ចុប្បន្ន បានបញ្ជូនកងទ័ពរបស់ខ្លួនរុលចូលមកក្នុងទឹកដីកម្ពុជា ហើយមានកន្លែងខ្លះពុំទាន់បានដកកងទ័ពរបស់ខ្លួនចេញនៅឡើយទេ។ ចាប់តាំងពីកើតមានជម្លោះមក ទាហានសៀមបានប្រកាន់យកការបាញ់រះសម្លាប់ប្រជាពលរដ្ឋកម្ពុជា ក្រីក្រដែលដើររកស៊ីតាមបន្ទាត់ព្រំដែន ហើយសូម្បីតែដែនអាកាសក៏យន្តហោះសៀមបានហោះហើររំលោភជាច្រើនលើក ដែរ។ ការសន្សំរឿងពីភាគីសៀមពិតជាគួរឲ្យឈឺចាប់៕